នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានធ្វើដំណើរទៅដល់ប្រទេសគុយវែត ដើម្បីពិភាក្សាលើការអភិវឌ្ឍនចុងក្រោយនៅក្នុងតំបន់ ។
មុនពេលធ្វើដំណើរទៅដល់ប្រទេសគុយវែត លោក Araqchi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសបារ៉ែន ជាទីដែលលោកមាននូវជំនួបជាមួយព្រះមហាក្សត្រ Hamad Bin Isa al-Khalifa និងបានអំពាវនាវឲ្យមានកិច្ចខិតខំរួមគ្នា ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
អំឡុងសន្និសីទនៅក្នុងប្រទេសគុយវែត លោក Araqchi និយាយថា ទីក្រុងតេអេរ៉ង់ មិនស្វែងរកសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ប៉ុន្តែពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ជម្លោះណាមួយ ។
លោកថា ពួកយើងដឹងថា អ៊ីស្រាអែលពុំបានអនុវត្តតាមច្បាប់អន្តរជាតិនោះទេ ។ ពួកយើងមានអាវុធផ្ទាល់ខ្លួន ដើម្បីការពារខ្លួនឯង ហើយនិងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ។
លោក Araqchi បានបញ្ជាក់ថា ការវាយប្រហារណាមួយលើទីតាំងនុយក្លេអ៊ែរ គឺជាឧក្រិដ្ឋកម្មអន្តរជាតិដ៏ធំមួយ សូម្បីតែការគំរាមវាយប្រហារលើទីតាំងនុយក្លេអ៊ែរ ក៏ជាឧក្រិដ្ឋកម្មអន្តរជាតិដែរ ហើយនិងប្រឆាំងច្បាប់អន្តរជាតិ ៕


