ប្រធានការិយាល័យសមាហរណកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសហៃទី (BINUH) បានព្រមានកាលពីថ្ងៃអង្គារ (២២ តុលា) ថា ក្រុមជនអន្ធពាលប្រដាប់អាវុធហៃទី កំពុងបង្កើនការវាយប្រហារកាន់តែខ្លាំងក្លាលើតំបន់ដែលពួកគេមិនទាន់បានគ្រប់គ្រងនៅឡើយ បន្ទាប់ពីមានអំពើហិង្សាកើតឡើងជាថ្មីពីសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធនៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។

លោកស្រី ម៉ារៀ អ៊ីសាប៊ែល សាវ៉ាដ័រ (Maria Isabel Salvador) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានផ្តល់សច្ចាប័នលើការដាក់ពង្រាយកងកម្លាំងសន្តិសុខអន្តរជាតិដើម្បីជួយនគរបាលហៃទីស្តារសណ្តាប់ធ្នាប់ថា “ស្ថានការណ៍នៅហៃទី កាន់តែអាក្រក់ខ្លាំងទៅៗ”។

រហូតមកដល់ពេលនេះ ទាហានជាង ៣.០០០នាក់ ដែលសន្យាដោយប្រទេសមួយចំនួនបានទៅដល់ហៃទីហើយ ខណៈការផ្តល់មូលនិធិបន្តមានភាពយឺតយ៉ាវ ហើយសម្ព័ន្ធភាពនៃក្រុមក្មេងទំនើងប្រដាប់អាវុធ ដែលគេស្គាល់ថា វីវ អុងសុង (Viv Ansanm) ដែលមានន័យថា “រួមរស់ជាមួយគ្នា” បានពង្រីកនៅទូទាំងរាជធានី និងទៅកាន់តំបន់ជុំវិញនោះ។

លោកស្រី Salvador បានចង្អុលបង្ហាញទៅលើការវាយប្រហារកាន់តែខ្លាំងឡើងក្នុងសប្តាហ៍កន្លងមកជុំវិញរដ្ឋធានី តំបន់ជាយក្រុង តំបន់កសិកម្ម និងទីក្រុងដើមកំណើតទង់ជាតិហៃទី ជាទីដែលអ្នកស្រុកបានស្ថិតនៅក្រោមការឡោមព័ទ្ធកាន់តែតឹងរឹង និងអង្វរករឱ្យមានការពង្រឹងសន្តិសុខបន្ថែមទៀត៕