ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គ្រោងប្រើកម្លាំងមនុស្សប្រមាណ ៥,០០០ ទៅ ៧,០០០នាក់ដើម្បីសម្ដែងក្នុងពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ តែក្នុងនោះ ៧០% គឺជាកម្លាំងកងយោធពលខេមរភូមិន្ទ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលម្អិតរបស់គណៈកម្មការបើក-បិទកាលពីថ្ងៃទី១២ ខែតុលាម្សិលមិញ ដោយគណៈកម្មការបានរៀបចំយ៉ាងលម្អិត និងច្បាស់លាស់អំពីលំហូរកម្មវិធីនីមួយៗដើម្បីត្រៀមការអនុវត្តនាឆ្នាំក្រោយ។ ឯកឧត្តមបន្ដថា បន្ទាប់ពីមានផែនការលម្អិតហើយ ការហ្វឹកហាត់សមនឹងចាប់ផ្ដើមនៅដើមឆ្នាំ២០២២ ដោយត្រូវប្រើកម្លាំងមនុស្សច្រើនជាងដែលក្នុងនោះ ៧០% គឺជាកម្លាំងកងទ័ព។ ឯកឧត្តមពន្យល់ថា ការប្រើកម្លាំងកងទ័ពដ៏ច្រើនលើសលប់នេះ ព្រោះងាយស្រួលក្នុងការហ្វឹកហ្វឹកហាត់ ដ្បិតកងកម្លាំងកងយោធពលខេមរភូមិន្ទមានការហ្វឹកហាត់ជាប់លាប់ និងមានវិន័យត្រឹមត្រូវ។
គួរដឹងថា គិតត្រឹមថ្ងៃទី១៣ ខែតុលានេះ កម្ពុជាសល់ពេល ៥៦៩ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងរៀបចំពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕
អត្ថបទ៖ លី ឈុនឡា