ការស្ទង់មតិថ្មីរបស់សាព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារស្រាវជ្រាវអ៊ីបសូស (Reuters/Ipsos) បានរកឃើញថា អនុប្រធានាធិបតីបក្សប្រជាធិបតេយ្យអាមេរិក លោកស្រី Kamala Harris បានបន្តនាំមុខ ៣ពិន្ទុលើលោកអតីតប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្នុងតួលេខ ៤៦% ទល់នឹង ៤៣% ខណៈអ្នកបោះឆ្នោតជាច្រើនសម្ដែងការមិនពេញចិត្តថាប្រទេសនេះកំពុងដើរលើផ្លូវខុស។

ការនាំមុខរបស់លោកស្រី Harris នៅក្នុងការស្ទង់មតិរយៈពេលប្រាំមួយថ្ងៃ ដែលបានបិទកាលពីថ្ងៃចន្ទ (២១ តុលា) នេះ ខុសគ្នាតិចតួចប៉ុណ្ណោះពីតួលេខ ៤៥% របស់លោកស្រីទល់នឹង ៤២% របស់លោក Trump នៅក្នុងការស្ទង់មតិ Reuters/Ipsos ដែលធ្វើឡើងកាលពីមួយសប្តាហ៍មុននោះ ដោយបង្ហាញថាការប្រកួតប្រជែងមានភាពតឹងតែងខ្លាំង ខណៈនៅសល់តែប្រហែលជា ២សប្តាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។

ការស្ទង់មតិថ្មីនេះបង្ហាញថា អ្នកបោះឆ្នោតមានទស្សនៈមិនច្បាស់លាស់អំពីស្ថានភាពសេដ្ឋកិច្ច និងអន្តោប្រវេសន៍ ហើយជាទូទៅពួកគេពេញចិត្តនឹងវិធីសាស្រ្តរបស់លោក Trump លើបញ្ហាទាំងនេះជាងគោលការណ៍របស់លោកស្រី Harris។ ការនាំមុខរបស់បេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះលើលោក Trump ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីឈ្នះការបោះឆ្នោតទេ បើទោះបីជាលោកស្រីនៅតែបន្តនាំមុខរហូតដល់ថ្ងៃបោះឆ្នោត០៥ ខែវិច្ឆិកាក៏ដោយ។

ការស្ទង់មតិជាតិ រួមទាំងការស្ទង់មតិរបស់ Reuters/Ipsos ផ្តល់សញ្ញាសំខាន់ៗលើទស្សនៈរបស់អ្នកបោះឆ្នោត ប៉ុន្តែលទ្ធផលតាមរដ្ឋ ជាពិសេសរដ្ឋប្រទាញប្រទង់សំខាន់ៗចំនួនប្រាំពីរ ទំនងជានឹងសម្រេចថាអ្នកណាអាចឈ្នះតំណែងសេតវិមានក្នុងឆ្នាំ២០២៤នេះ៕