ប្រមុខសេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារ (ទី២២ ខែតុលា) បានប្រាប់អ្នកសារព័ត៌មានថា «ការប្រយុទ្ធប្រឆាំងនឹងអតិផរណា គឺស្ទើរតែទទួលបានជ័យជម្នះហើយ» ក្នុងពេលដែលទិន្នន័យអតិផរណា ធ្លាក់ចុះ។
លោក Pierre-Olivier Gourinchas បាននិយាយថា អតិផរណានៅក្នុងប្រទេសជាច្រើន ឥឡូវនេះ ទៅកៀកនឹងគោលដៅរបស់ធនាគារកណ្តាលហើយ។ តែទោះជាយ៉ាងណាក្ដី លោកក៏បានក្រើនរំលឹកថា ខណៈដែលអត្រាការប្រាក់ទាប គឺមានការធូរស្រាល តែការខិតខំប្រឹងប្រែង ដើម្បីទប់ទល់ឱនភាពរបស់រដ្ឋាភិបាលដ៏ច្រើនអាចបង្អាក់ដល់ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ច។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន IMF បានឲ្យដឹងថា អតិផរណាត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះនៅទូទាំងពិភពលោក ដោយធ្លាក់ចុះពី ៦,៧ភាគរយ នៅឆ្នាំ២០២៣ មកនៅត្រឹម ៥,៨ភាគរយ នៅឆ្នាំនេះ និង ៤,៣ភាគរយ នៅឆ្នាំ២០២៥។
ហើយ IMF បានកត់សម្គាល់ថា អតិផរណាកំពុងធ្លាក់ចុះយ៉ាងលឿនជាងមុន នៅក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលអាចជួយបន្ធូរបន្ថយសម្ពាធលើធនាគារកណ្តាល។
នៅឆ្នាំ២០២៥ អត្រាអតិផរណា នៅក្នុងប្រទេសអ្នកមាន ត្រូវបានគេរំពឹងថា នឹងឈានដល់ ២ភាគរយដោយសម្រេចតាមគោលដៅកំណត់ដោយធនាគារកណ្តាលសំខាន់ៗ ដែលរួមមានធនាគារកណ្ដាលអាមេរិក (Federal Reserve) និងធនាគារកណ្តាលអឺរ៉ុប។ នេះគួរតែជាដំណឹងល្អសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែ IMF រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះបន្តិចពី ៣,៣ភាគរយ កាលពីឆ្នាំមុន មកនៅកម្រិត ៣,២ភាគរយ៕