ក្រុមឆ្មាំល្បាតឆ្នេរហ្វីលីពីន បានជួយសង្រ្គោះអ្នកស្រុកជាប់ខ្លួនជាមួយទ្រព្យសម្បត្តិរបស់ពួកគេ ស្របពេលព្យុះត្រូពិក Trami បានបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតប្រទេសមួយនេះ មុនពេលបោកបក់ដល់ដីគោកនៅថ្ងៃពុធនេះ ឬថ្ងៃព្រហស្បតិ៍ស្អែក ។
មន្រ្តីគ្រោះមហន្តរាយ និយាយថា ព្យុះ Trami បាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Albay បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ពេលដែលទឹកជំនន់ឡើងដល់ដំបូលផ្ទះ ។ ទន្លេ បានហូរប្រៀបច្រាំង និងបង្កឲ្យមានទឹកជំនន់ដ៏គំហក់ ។
សេវាកម្មព្យាករណ៍ឧតុនិយម Pag-asa បាននិយាយនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធនេះថា ចំណុកកណ្តាលរបស់ព្យុះ Trami ស្ថិតនៅចម្ងាយប្រហែល ២០០គ.មភាគខាងកើតទីក្រុង Casiguran ខេត្ត Aurora ។
ព្យុះ Trami ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ដល់ដីគោកនៅល្ងាចថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ ។
ព្យុះដែលបច្ចុប្បន្នបោកបក់ក្នុងល្បឿនខ្យល់បក់ ៨៥គ.មក្នុង ១ម៉ោងនេះ បានបិទការងាររដ្ឋ និងសាលារៀនផងដែរ នៅទូទាំងកោះធំ Luzon ៕