នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីយប់ថ្ងៃអង្គារថា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់រុស្ស៊ីលើកំពង់ផែសមុទ្រខ្មៅ ក្នុងប្រទេសអ៊ុយក្រែន កំពុងពន្យារការផ្តល់ជំនួយដ៏សំខាន់ដល់ប៉ាឡេស្ទីន និងបញ្ឈប់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសំខាន់ៗពីការបញ្ជូនទៅតំបន់អភិវឌ្ឍន៍សកលខាងត្បូង។ ។
លោក Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យសារព័ត៌មានរបស់លោកថា៖«ការវាយប្រហារដោយមិនរើសមុខរបស់រុស្ស៊ី ទៅលើកំពង់ផែក្នុងសមុទ្រខ្មៅ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈលេងល្បែងលើសន្តិសុខស្បៀងពិភពលោក ក្នុងការប៉ុនប៉ងបង្ខំអ៊ុយក្រែន ឲ្យចុះចាញ់»។
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន បានធ្វើឲ្យខូចខាតដល់នាវាស៊ីវិលចំនួន ៦គ្រឿង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិ ចាប់តាំងពីថ្ងៃទី ០១ ខែកញ្ញា ដោយបានហៅការកើនឡើនៃការវាយប្រហារនេះថា«គួរឲ្យព្រួយបារម្ភ»។
យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអង់គ្លេស លោក Starmer បាននិយាយថា យ៉ាងហោចណាស់មាននាវាជំនួញចំនួន ៤គ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់រំសេវរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅនៅចន្លោះថ្ងៃទី ៥-១៤ ខែតុលា។
លោក Starmer បានអះអាងថា (លោក ពូទីន) កំពុងបង្កគ្រោះថ្នាក់ដល់ជនងាយរងគ្រោះរាប់លាននាក់នៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា ដើម្បីគ្រប់គ្រងស្ថានការណ៍សង្រ្គាមដ៏ព្រៃផ្សៃរបស់ខ្លួន»។