រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋជ្វីហ្វថា សហរដ្ឋអាមេរិក ត្រូវតែគាំទ្រអ៊ីស្រាអែល បន្ទាប់ពីមានផែនការវាយប្រហារអ៊ីរ៉ង់។
ដោយត្រូវបានដកស្រង់សម្តីដោយក្រសួងការពារជាតិ មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលរូបនេះ បានថ្លែងថា៖«ជំហររួមរបស់អាមេរិកជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់យើងក្នុងប្រទេសអ៊ីរ៉ង់ នឹងពង្រឹងការការពារក្នុងតំបន់ និងធ្វើឲ្យអ័ក្សនៃអំពើអាក្រក់ចុះខ្សោយ»។
លោក ហ្គាឡែនធ៍ និង លោក ប៊ីលនខិន ក៏បានពិភាក្សាអំពីស្ថានភាពនៅលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប ផងដែរ។ លោក ហ្គាឡែនធ៍ បានបន្ថែមថា អ៊ីស្រាអែល នឹងបន្តវាយប្រហារជាប្រព័ន្ធទៅលើអង្គភាពហេសបូឡាហ៍ក្នុងប្រទេសលីបង់ ទោះបីជាប្រតិបត្តិការជើងគោក បានបញ្ចប់ក៏ដោយ រហូតដល់ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ហើយកងកម្លាំងហេសបូឡា ដកចេញពីភាគខាងត្បូងលីបង់។
នៅល្ងាចថ្ងៃទី ០១ ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ដែលជាការឆ្លើយតបចំពោះការសម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស ហេសបូឡា និងកងឆ្មាំបដិវត្តន៍ឥសស្លាម។ ទីក្រុងតេអេរ៉ង់ បានអះអាងថា ៩០% នៃមីស៊ីល បានវាយប្រហារគោលដៅរបស់ពួកគេ ខណៈដែលអ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលត្រឹមតែ ១៨០ គ្រាប់ប៉ុណ្ណោះ ហើយភាគច្រើននៃពួកវា ត្រូវស្ទាក់ចាប់បាន។