អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើដំណើរទៅដល់ទីក្រុង Kazan របស់រុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំរបស់ប្រមុខរដ្ឋក្រុមប្រទេស BRICS ខណៈមេដឹកនាំពិភពលោកកំពុងជួបជុំគ្នា ។
នៅក្នុងសប្តាហ៍នេះ ក្រសួងការបរទេសអ៊ុយក្រែន បានរិះគន់លោក Guterres សម្រាប់ការទទួលយកការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យចូលរួមកិច្ចប្រជុំកំពូល BRICS ខណៈដែលលោកគេចវេសពីការចូលរួមកិច្ចប្រជុំកំពូលសន្តិភាពលើសង្រ្គាមអ៊ុយក្រែន ។
ការិយាល័យរបស់លោក Guterres និយាយថា លោកនឹងពិភាក្សាលើជម្លោះអ៊ុយក្រែនជាមួយលោក Putinក៏ដូចជាវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ។
ក្រុមមេដឹកនាំ និងក្រុមតំណាងប្រទេសសមាជិក BRICS បានជួបជុំគ្នានៅបរិវេនកិច្ចប្រជុំកំពូល មុនសម័យប្រជុំពេញអង្គរបស់អង្គការមួយនេះ ។
លោក Putin និយាយប្រាប់ប្រតិភូថា ប្រទេសជាង ៣០ បង្ហាញបំណងប្រាថ្នារបស់ពួកគេ ក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS ។
លោកថា ក្រុមមួយនេះ នឹងពិភាក្សាលើការពង្រីកខ្លួននៅក្នុងជំនួប ខណៈរក្សាតម្រូវការធ្វើឲ្យមានប្រសិទ្ធិភាព ៕


