សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២៣ ខែតុលា) នេះ បាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣.០០០នាក់ទៅរុស្ស៊ី ដើម្បីជួយគាំទ្រសង្គ្រាមរបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ុយក្រែន ដោយការលើកឡើងនេះ កើតមានបន្ទាប់ពីត្រូវបានផ្តល់ព័ត៌មានសង្ខេបដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ដែលនេះជាចំនួន ២ដងនៃការប៉ាន់ប្រមាណពីមុន។
សមាជិកសភាទាំងនោះបានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងព្យុងយ៉ាងបានសន្យាថា នឹងផ្តល់កងទ័ពសរុបប្រមាណជា ១០.០០០នាក់ ហើយការដាក់ពង្រាយទាហានទាំងនោះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់សព្វគ្រប់នៅខែធ្នូ។
គួរបញ្ជាក់ថា ទាំងក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធរបាយការណ៍ អំពីការមានទាហានកូរ៉េខាងជើងធ្វើដំណើរទៅកាន់សមរភូមិ ដែលការលើកឡើងនោះក៏ត្រូវបានធ្វើឡើងដោយអ៊ុយក្រែនផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ (ទី២២ ខែតុលា) បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យឆ្លើយតបទៅនឹងភស្តុតាងនៃការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងសង្គ្រាមរបស់រុស្ស៊ី។
អ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃចន្ទ (ទី២១ ខែតុលា) ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត អំពីផលប៉ះពាល់នៃការចូលរួមរបស់កូរ៉េខាងជើង ហើយបានបន្ថែមថាការវិវត្តន៍បែបនេះនឹងក្លាយជា "ការវិវត្តន៍ដ៏គ្រោះថ្នាក់ និងគួរឲ្យបារម្ភយ៉ាងខ្លាំង» ប្រសិនបើជាការពិត។
កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១.៥០០នាក់ទៅរុស្ស៊ីតាមនាវា៕


