រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃពុធនេះ មាននូវភស្តុតាងបង្ហាញថា ទាហានកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ហើយនៅរង់ចាំមើលថាតើពួកគេនឹងធ្វើអ្វីខ្លះនៅទីនោះ ។
លោក Austin បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា មាននូវភស្តុតាងថា ទាហានសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅរុស្ស៊ី ។
លោកបន្តថា តើពួកគេនឹងធ្វើអ្វីឲ្យពិតប្រាកដ? រង់ចាំមើលទាំងអស់គ្នា ។ ទាំងនេះគឺជារឿងដែលពួកយើងត្រូវដោះស្រាយ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានលើកឡើងរបាយការណ៍ចារកម្មពីការរៀបចំ ២អង្គភាពមានទាហានកូរ៉េខាងជើងប្រហែល ១២.០០០នាក់ដែលនឹងចូលរួមធ្វើសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ី ។
ដោយឡែក សមាជិកសភាកូរ៉េខាងត្បូង និយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣ពាន់នាក់ទៅរុស្ស៊ី ដើម្បីជួយគាំទ្រសង្គ្រាមរបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ុយក្រែន ដោយការលើកឡើងនេះ ។
សមាជិកសភាកូរ៉េខាងត្បូង បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទីក្រុងព្យុងយ៉ាងបានសន្យាថា នឹងផ្តល់កងទ័ពសរុបប្រមាណជា ១ម៉ឺននាក់ ហើយការដាក់ពង្រាយទាហានទាំងនោះ ត្រូវបានគេរំពឹងថា នឹងត្រូវរួចរាល់នៅខែធ្នូ ៕

