គណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជៀបព័ត៌មាន ដល់អាជ្ញាធររាជធានី-ខេត្តជាច្រើនរូប បានស្វែងយល់អំពីកត្តាទាក់ទាញ វិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា ខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ បានផ្ដល់បទឧទ្ទេសនាមលើប្រធានបទស្ដីពី “ការជំរុញការវិនិយោគនិងភាពជាដៃគូរវាងរដ្ឋ និង ឯកជន”ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ដែលរៀបចំដោយសាលាជាតិ រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើចូលរួមក្នុង សិក្ខាកាម ពីអភិបាលរងរាជធានី-ខេត្ត ចំនួន ៤០ រូប។
ក្នុងបទឧទ្ទេសនាមនេះ, ឯកឧត្តមបណ្ឌិត បានជម្រាបជូនសិក្ខាកាមថា ក្រោយវិបត្តិកូវីដ-១៩ សន្ទុះនៃការវិនិយោគផ្ទាល់ពី បរទេស (FDI) នៅកម្ពុជាមានការកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែងឆមាសទី ១ ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣ ២៥៨ លានដុល្លារអាម៉េរិក ដែល អាចបង្កើតការងារបានប្រមាណ ១៦៩ ពាន់កន្លែង ។ ដោយឡែក ក្នុងខែ កញ្ញា កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក ដែលអាចបង្កើត ការងារបានប្រមាណ ២៥ ពាន់កន្លែងបន្ថែម។
ដើម្បីជាមូលដ្ឋាននៃពុទ្ធិ និងជាឃ្លាំងព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានរំលេចជូនសិក្ខាកាម នូវ កត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុង ស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ, ទន្ទឹមនឹងការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែនឹងបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះ សេវាថែទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។ ដោយឡែក, ក្រៅពីការវិនិយោគផ្ទាល់ ១០០% វិនិយោគិន ក៏បានពិចារណាការវិនិយោគ ក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិ ជាធរមានផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






