ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃពុធ បានព្រមានថា កូរ៉េខាងត្បូងអាចប្រឈមមុខនឹង «ផលវិបាកផ្នែកសន្តិសុខ» ប្រសិនបើខ្លួន បានចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងសេអ៊ូល បានប្តេជ្ញាចាត់វិធានការជាដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។

អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Maria Zakharova បានចេញការព្រមាននេះ ខណៈដែលទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ បានប្រកាសផែនការរបស់ខ្លួន ដើម្បីចាត់វិធានការ បន្ទាប់ពីការបញ្ជាក់របស់ទីភ្នាក់ងារចារកម្មរបស់ខ្លួនថា ទីក្រុងព្យុងយ៉ាង គ្រោងនឹងបញ្ជូនទាហានប្រហែល ១០.000នាក់ ទៅគាំទ្រសង្គ្រាមរបស់ រុស្ស៊ីនៅអ៊ុយក្រែន ក្នុងនោះទាហានប្រហែល ១.៥០០នាក់ដែលខ្លួនបានបញ្ជូនរួចហើយ។
អ្នកស្រី បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមរយៈអ្នកបកប្រែជាភាសាអង់គ្លេសថា៖«ពួកគេ គួរតែគិតអំពីផលវិបាកផ្នែកសន្តិសុខ ប្រសិនបើជាប់ពាក់ព័ន្ធក្នុងវិបត្តិអ៊ុយក្រែន»។ «សហព័ន្ធរុស្ស៊ី នឹងឆ្លើយតបចំពោះជំហានឈ្លានពានទាំងនោះ ប្រសិនបើពលរដ្ឋរបស់យើង ស្ថិតនៅក្រោមការគំរាមកំហែង ឬស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នោះ»។
ដោយចាត់ទុករដ្ឋាភិបាលអ៊ុយក្រែនថា ជា«របបភេរវកម្ម» អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋាភិ បាលកូរ៉េខាងត្បូង មិនគួរ«លេងជាមួយនឹងរបបទីក្រុងគីវឡើយ»។