មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសស៊ីរី កំពុងធ្លាក់ទៅក្នុងស្ថាន ភាពនៃវិបត្តិយោធា មនុស្សធម៌ និងសេដ្ឋកិច្ច» ដោយបានព្រមានពីការកើនឡើងអំពើហិង្សា នៅក្នុងប្រទេសនេះ ដោយសារការហៀរចេញពីការប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា និងលីបង់ដែលនៅជិតខាង។
លោក Geir Pedersen បេសកជនពិសេសប្រចាំប្រទេសស៊ីរី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខUNថា៖«ភ្លើងនៃជម្លោះ កំពុងឆាបឆេះនៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល រួមទាំងតំបន់ហ្កាហ្សា និងនៅក្នុងប្រទេសលីបង់» ។
លោកបានបន្ថែមថា៖«កម្ដៅជម្លោះនេះ កំពុងត្រូវបានគេដឹងនៅស៊ីរីផងដែរ» ដោយព្រមានថា «ការហៀរជម្លោះក្នុងតំបន់ ចូលក្នុងប្រទេសស៊ីរី គឺជាការគួរឲ្យបារម្ភណាស់ ហើយអាចនឹងកាន់តែអាក្រក់ឡើងៗ»។
ខណៈពេលដែលអ៊ីស្រាអែល បានវាយលុកទីតាំងក្រុមហេសបូឡាជាច្រើនឆ្នាំ នៅក្នុងប្រទេសស៊ីរី ប្រទេសនេះ បានបង្កើនការវាយឆ្មក់តាមអាកាសរបស់ខ្លួន ខណៈដែលជម្លោះនៅក្នុងប្រទេសលីបង់ កាន់តែរីកធំឡើង ដោយចោទប្រកាន់ក្រុមនេះថា បានបញ្ជូនអាវុធពីស៊ីរីទៅប្រទេសលីបង់។
លោក Pedersen បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«ខែមុននេះ បានឃើញយុទ្ធនាការដ៏លឿនបំផុត និងដ៏ធំបំផុតនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេលដប់បីឆ្នាំចុងក្រោយនេះ» ដោយបន្ថែមថា សម្បីតែតំបន់លំនៅឋានមួយចំនួន «នៅកណ្តាលទីក្រុងដាម៉ា» ក៏ត្រូវរងការវាយប្រហារដែរ។