ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានយល់ព្រមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់ពួកគេ ហើយនិងដោះស្រាយជម្លោះ ដើម្បីជួយធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងរបស់ពួកគេ ដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចយោធាស្លាប់មនុស្សកាលពីឆ្នាំ ២០២០ ។
មេដឹកនាំទាំង ២ បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ច BRICS ក្នុងប្រទេសរុស្ស៊ី ដែលជាជំនួបផ្លូវការលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៥ឆ្នាំ ហើយពួកគេបានផ្តល់សញ្ញាថា ទំនាក់ទំនងរបស់ប្រទេសយក្សអាស៊ីទាំង ២ បានចាប់ផ្តើមងើបឡើងវិញពីជម្លោះការទូត បង្កឡើងដោយសារការប៉ះទង្គិចគ្នានៅតាមខ្សែបន្ទាត់ព្រំដែនជម្លោះភ្នំហិម៉ាឡៃ ។
ជំនួបនៅក្នុងទីក្រុង Kazan បានកើតមានឡើងរយៈពេល ២ថ្ងៃ ក្រោយទីក្រុងញូវដែល្លី ប្រកាសថា ពួកគេឈានដល់កិច្ចព្រមព្រៀងមួយជាមួយទីក្រុងប៉េកាំង ដើម្បីដោះស្រាយភាពទាល់ច្រកផ្នែកយោធារយៈពេល ៤ឆ្នាំ នៅតំបន់ភ្នំហិម៉ាឡៃ Ladakh ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន CCTV រាយការណ៍ថា លោក Xi បាននិយាយប្រាប់លោក Modiថា ភាគីទាំង ២គួរតែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នា ហើយយល់ពីក្តីស្រមៃអភិវឌ្ឍន៍រវាងគ្នា ទៅវិញទៅមក ។
ការឆ្លើយតបវិញ លោក Modiនិយាយប្រាប់លោក Xiថា ការរក្សាបានសន្តិភាព និងស្ថិរភាពនៅតាមខ្សែបន្ទាត់ព្រំដែនរបស់ពួកគេ គួរតែជាអាទិភាព ហើយទំនុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា និងភាពរសើប គួរតែផ្អែកលើទំនាក់ទំនង ៕