មន្ទីរពេទ្យ Al-Awda ស្ថិតក្នុងទីក្រុង Nuseirat បាននិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្រ្តីផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនមួយកន្លែងស្ថិតក្នុងជំរំ Nuseirat នៅតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍ ។ ពួកគេនិយាយថា មនុស្ស ៣២នាក់ បានរងរបួស ។
យោងតាមការអះអាងរបស់សាក្សីដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មនុស្សទាំងអស់ដែលរងគ្រោះដោយសារការវាយប្រហាររបស់អ៊ីស្រាអែល គឺជាស្រ្តី និងកុមារ ។
លោកនិយាយថា ឱព្រះជាម្ចាស់អើយ! មិនមែនមនុស្សម្នាក់ទេ ពួកគេទាំងអស់សុទ្ធតែជាកុមារ និងស្រ្តី ដៃជើងរបស់ពួកគេដាច់ជាចំរៀក គ្មានសេសសល់អ្វីទេ ។ វាគឺជាឧក្រិដ្ឋកម្មសុទ្ធសាធលើកុមារ និងស្រ្តី ។
ក្មេងៗ និងស្រ្តីរងរបួស ត្រូវបានគេមើលឃើញសែងលើពួក ហើយនិងត្រូវបានគេបី ខណៈដែលអ្នកស្លាប់ រុំនៅក្នុងភួយ ។
នៅក្នុងឆ្នាំចាប់តាំងពីក្រុមហាម៉ាស់ វាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ អ៊ីស្រាអែល បានបើកការវាយប្រហារឥតញញើតដៃលើតំបន់ហ្កាហ្សា ក្នុងគោលដៅបោសសម្អាតទាល់តែអស់ក្រុមជីវពលហាម៉ាស់ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយក្នុងថ្ងៃព្រហស្បតិ៍នេះថា ជនប៉ាឡេស្ទីនជាង ៤២.៨៤៧នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១០០.៥៤៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រហូតមក ៕



