ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា អ្នកស៊ើបអង្កេតរុស្ស៊ី បានឃុំខ្លួនអនុរដ្ឋមន្ត្រីថាមពល ទាំងបច្ចុប្បន្នម្នាក់ និងអតីតម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) នេះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតជុំវិញករណីក្លែងបន្លំ នៅក្នុងឧស្សាហកម្មធ្យូងថ្ម។
ដោយដកស្រង់ពីប្រភពអ្នកអនុវត្តច្បាប់ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងថាមពលលោក Sergei Mochalnikov ដែលកាន់តំណែងតាំងពីខែមេសា ឆ្នាំ២០២២ និងលោក Anatoly Yanovsky ដែលបម្រើការពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២១ ត្រូវបានឃុំខ្លួន។
សារព័ត៌មាន Interfax បានឲ្យដឹងបន្ថែមថា ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនឹងការក្លែងបន្លំដែលទាក់ទងនឹងការបិទអណ្តូងរ៉ែធ្យូងថ្ម។ បុគ្គលទាំង២ ទទួលខុសត្រូវលើឧស្សាហកម្មធ្យូងថ្ម នៅក្នុងមុខតំណែងរបស់ពួកគេ នៅក្រសួង។
ចំណែកសារព័ត៌មានផ្នែកសេដ្ឋកិច្ចចេញផ្សាយប្រចាំថ្ងៃ Kommersant បានរាយការណ៍ថា មនុស្ស ៤នាក់ទៀតដែលមិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹង ក៏ត្រូវបានឃុំខ្លួនជាមួយលោក Mochalnikov ដែរ។ សារព័ត៌មាននេះបានបន្ថែមថា ការខាតបង់ដោយផ្ទាល់នៅក្នុងករណីនេះ មានចំនួន ៥០០លានរូប្លិ៍ (៥លានដុល្លារ) ហើយការខូចខាតដោយប្រយោលចំនួន ១២ពាន់លានរូប្លិ៍។
ទាំងលោក Mochalnikov និងលោក Yanovsky មិនអាចទាក់ទងបានឡើយ ដើម្បីសុំការអត្ថាធិប្បាយ ហើយភ្លាមៗនេះ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី ក៏មិនបានបញ្ជាក់អំពីការឃុំខ្លួននេះដែរ៕