ការប៉ាន់ស្មានរបស់ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) បានបង្ហាញថា មនុស្សជាង ១០.០០០នាក់ នៅក្នុងប្រទេសហៃទី បានរត់ភៀសខ្លួនគេចពីអំពើហិង្សាដ៏បង្ហូរឈាមនៅក្នុងសប្តាហ៍ចុងក្រោយនេះ ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការនៅក្នុង និងជុំវិញរដ្ឋធានីព័រអូប្រាំង បង្កើនការវាយប្រហារលើតំបន់ដែលពួកគេមិនទាន់គ្រប់គ្រង។

ទីភ្នាក់ងារនេះបាននិយាយនៅដើមខែកញ្ញាថា មនុស្សជាង ៧០០.០០០នាក់ បានភៀសខ្លួននៅទូទាំងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ពោលគឺជិតទ្វេដងនៃតួលេខកាលពីប្រាំមួយខែមុន។

ក្រុមជនអន្ធពាលបាននិងកំពុងបង្កើនការវាយប្រហារលើទីប្រជុំជនមួយចំនួននៅក្រៅរដ្ឋធានី ដែលភាគច្រើននៃទីក្រុង និងជាយក្រុងរបស់តំបន់នោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធហិង្សាជាច្រើន ដែលរួបរួមគ្នាក្រោមសម្ព័ន្ធមិត្តរួមដែលគេស្គាល់ថា វីវ អុងសុង (Viv Ansanm)។

ជម្លោះកំពុងជំរុញឱ្យមានការស្រេកឃ្លានកម្រិតគ្រោះទុរ្ភិក្សនៅចំណោមប្រជាជនហៃទីរាប់លាននាក់ ខណៈក្រុមប្រដាប់អាវុធបានចូលកាន់កាប់ដីស្រែចម្ការ និងបិទផ្លូវដឹកជញ្ជូន ហើយមនុស្សម្នាត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ជាញឹកញាប់ ទៅស្នាក់នៅផ្ទះសាច់ញាតិ ឬជំរំបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ស្ថិរភាពប្រាក់ចំណូលមិនអាចចិញ្ចឹមខ្លួនបាន៕