ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានកោះប្រជុំសន្តិសុខកម្រិតខ្ពស់មួយ កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃពុធ ដោយបានកំណត់គោលដៅទៅលើក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ទួរគី(TUSAS)។
របាយការណ៍នោះ បានឲ្យដឹងថា កិច្ចប្រជុំសន្តិសុខនេះ ត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋាន Ataturk ពេលដែលលោក Erdogan ត្រឡប់ពីកិច្ចប្រជុំកំពូល BRICS លើកទី ១៦ ដែលធ្វើឡើងនៅទីក្រុង Kazan ប្រទេសរុស្ស៊ី ហើយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសទួរគី មហាផ្ទៃ និងការពារជាតិ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នាយអគ្គសេនាធិការ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
របាយការណ៍ បាននិយាយថា៖«កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធានាថា ប្រទេសទួរគីគ្មានភេរវកម្ម នឹងបន្តយ៉ាងម៉ឺងម៉ាត់ ហើយថា ការបង្កើត «រដ្ឋភេរវករ»ណាមួយ ឆ្លងកាត់ព្រំដែន នឹងមិនត្រូវបានអនុញ្ញាតឡើយ» ។
រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បានបញ្ជាក់ថា កាលពីថ្ងៃពុធ មនុស្សយ៉ាងតិច ៥នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារលើក្រុមហ៊ុន TUSAS ក្នុងទីក្រុងអង់ការ៉ា។ ។ អ្នកវាយប្រហារពីរនាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជាសមាជិកនៃគណបក្សពលករឃើដ(PKK)ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ ក៏ត្រូវបានសម្លាប់ ក្នុងអំឡុងពេលវាយប្រហារនោះផងដែរ។