ប្រទេសជប៉ុន នៅថ្ងៃសុក្រ (ទី២៥ ខែតុលា) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងតាមដាននូវការចង្អុលបង្ហាញ «ដ៏គួរឲ្យបារម្ភយ៉ាងខ្លាំងក្លា» ដែលថា ទាហានកូរ៉េខាងជើងកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី មុនពេលដែលអាចត្រូវបានដាក់ពង្រាយ នៅអ៊ុយក្រែន។
ប្រមុខខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា៖ «រដ្ឋាភិបាលជប៉ុនកំពុងតាមដានការដាក់ពង្រាយទាហានដោយកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងក្លា ក្នុងនោះរួមទាំងលទ្ធភាពដែលពួកគេអាចចូលរួមក្នុងកាលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន" ។
លោក Hayashi បានប្រាប់អ្នកសារព័ត៌មានថា៖ «ការវិវត្តន៍នាពេលថ្មីៗនេះនៃកិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ី និងកូរ៉េខាងជើង ក្នុងនោះរួមទាំងការវិវត្តន៍នេះផងដែរ មិនត្រឹមតែបានធ្វើឲ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ពីទិដ្ឋភាពនៃផលប៉ះពាល់របស់វាទៅលើសន្តិសុខរបស់តំបន់ នៅជុំវិញប្រទេសជប៉ុន»។
លោកបានបន្ថែមថា៖ «ប្រទេសជប៉ុននឹងបន្តប្រមូល និងវិភាគព័ត៌មានពាក់ព័ន្ធ ហើយនិងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីឲ្យមាននូវការអនុវត្តទាំងស្រុងនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ និងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ៣.០០០ នាក់ បច្ចុប្បន្នកំពុងហ្វឹកហាត់ នៅប្រទេសរុស្ស៊ី ដែលទំនងជានឹងដាក់ពង្រាយទៅកាន់សមរភូមិជួរមុខប្រឆាំងនឹងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ដោយកងទ័ពរាប់ពាន់នាក់ទៀត នឹងត្រូវបញ្ជូនទៅនៅខែធ្នូ៕