កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប ជាទីដែលមេបញ្ជាការកងទ័ពអ៊ីស្រាអែល និយាយថា មាននូវលទ្ធភាពសម្រាប់ការបញ្ចប់យ៉ាងឆាប់រហ័សចំពោះជម្លោះជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ។
លោក Herzi Halevi គឺជានាយអគ្គសេនាធិការកងទ័ពអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថតបានពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់តំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃពុធថា នៅភាគខាងជើង មាននូវលទ្ធភាពនៃការឈានដល់ការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ។ ពួកយើងបានកម្ទេចខ្សែបណ្តាញបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាស្ទើតែទាំងស្រុង ។
នៅក្នុងវីដេអូនោះ លោក Halevi បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរលើការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ។
លោកនិយាយថា ការសម្លាប់លោក Sinwar គ្មានផែនការនោះទេ ប៉ុន្តែវាមិនមែនជារឿងកម្រនោះឡើយ វាមិនមែនកើតឡើងដោយចៃដន្យនោះទេ វាជាវិធីសាស្រ្ត លទ្ធផលនៃការដាក់សម្ពាធលើទីក្រុង Rafah គឺជាលទ្ធផលនៃការកម្ទេចកងពលតូចនៅទីក្រុង Rafah ។
លោក Halevi បន្តទៀតថា វាគឺជាលទ្ធផលផងដែរនៃក្រុមបញ្ជាការក្នុងតំបន់ដែលទទួចសុំឲ្យមានការដាក់ពង្រាយទាហានបន្ថែមទៀតទៅកាន់ទីនោះ អំឡុងខែវិស្សមកាល ជំរុញការវាយប្រហារឆ្ពោះទៅមុខ រក្សាប្រតិបត្តិការលើដែនដីមួយនេះ និងប្រឈមបញ្ហានៅចំពោះមុខ ។ វាគឺជាយុទ្ធសាស្រ្ត មិនមែនជាការគាប់ជួននោះទេ ៕

