បន្ទាប់ពីប្រទេសអ៊ីស្រាអែល បើកវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ ប្រតិកម្មពីមេដឹកនាំ និងមន្ត្រីមួយចំនួនបណ្ដាប្រទេសផ្សេងៗ នៅជុំវិញពិភពលោក ក៏ចាប់ផ្ដើមមានឡើងបណ្ដើរៗដែរ។
ជាដំបូងនេះ មន្ត្រីជាន់ខ្ពស់នសរដ្ឋបាលរបស់លោក Joe Biden បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងយោធា នៅអ៊ីរ៉ង់ ហាក់ដូចជាការឆ្លើយតបដោយមានការកំណត់គោលដៅ និងសមាមាត្រទៅនឹងការវាយប្រហារមុនៗរបស់ទីក្រុងតេអេរ៉ង់ ដោយមានហានិភ័យទាប ក្នុងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

តែយ៉ាងណាក្ដី មន្ត្រីរូបនេះបានបញ្ជាក់ថា លើកនេះគួរតែជាការបញ្ចប់ការវាយប្រហារគ្នាដោយផ្ទាល់ទៅវិញទៅមក រវាងប្រទេសទាំង២ ដោយបន្ថែមថា សហរដ្ឋអាមេរិកមានបណ្តាញទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលជាច្រើនជាមួយអ៊ីរ៉ង់ ដែលខ្លួនបានបង្ហាញគោលជំហរយ៉ាងច្បាស់លាស់។
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងថា៖ «ខ្ញុំប្រាកដណាស់ថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់អ៊ីរ៉ង់។ ខ្ញុំក៏មានភាពច្បាស់លាស់ដូចគ្នាដែរថា យើងត្រូវបញ្ចៀសកុំឲ្យភាពតានតឹងកើងឡើងបន្ថែមទៀត ក្នុងតំបន់ ហើយជំរុញឲ្យភាគីទាំងអស់បង្ហាញការអត់ធ្មត់។ អ៊ីរ៉ង់មិនគួរឆ្លើយតបសងសឹកវិញឡើយ»។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា៖ «ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត សូមសម្តែងការថ្កោលទោស និងបរិហារចំពោះការវាយប្រហារលើយោធានៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដែលជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ និងជាការរំលោភលើច្បាប់ និងបទដ្ឋានអន្តរជាតិ។ ព្រះរាជាណាចក្រជំរុញឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់បំផុត និងកាត់បន្ថយភាពតានតឹង»។
រីឯសេចក្តីថ្លែងការណ៍របស់ក្រសួងការិយាល័យបរទេសប៉ាគីស្ថាន បានលើកឡើងថា៖ «ប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។ ការវាយប្រហារទាំងនេះធ្វើឲ្យខូចដល់មាគ៌ាឆ្ពោះទៅកាន់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយក៏ជាការកើនឡើងនូវភាបតានតឹងដ៏គ្រោះថ្នាក់ នៅក្នុងតំបន់ ដែលមានភាពមិនប្រាកដប្រជារួចទៅហើយនោះ»។
មិនខុសគ្នាដែរ អារ៉ាប់រួម ក៏បានចេញសេចក្តីថ្លែងការណ៍ នៅគេហទំព័រក្រសួងការបរទេសថា៖ «អារ៉ាប់រួមសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារលើទីតាំងយោធារបស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ហើយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះការបន្តកើនឡើងនូវភាពតានតឹង និងផលប៉ះពាល់របស់វាទៅលើសន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
នៅកម្មវិធីផ្ញើសារ Telegram ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក៏បានចេញប្រតិកម្មចំពោះការវាយប្រហារនេះដែរ ដោយសរសេររៀបរាប់ថា៖ «ចលនាតស៊ូអ៊ិស្លាម (ក្រុមហាម៉ាស) ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការលុកលុយរបស់អ្នកគាំទ្រលិទ្ធិហ្សាអឺន (អ៊ីស្រាអែល) លើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយបានកំណត់គោលដៅវាយប្រហារទៅលើទីតាំងយោធា ក្នុងខេត្តជាច្រើន។ យើងចាត់ទុកថា នេះគឺការរំលោភបំពានឥតអៀនខ្មាសលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងជាការបង្កើននូវភាពតានតឹងដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់តមបន់ ដោយសូមដាក់ទំនួលខុសត្រូវទាំងស្រុងលើសកម្មភាព ដែលនាំឲ្យមានផលវិបាកពីការលុកលុយគាំទ្រដោយសហរដ្ឋអាមេរិក»៕
