ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ UCI Cyclo-cross World Cup បានបន្តដំណើរដល់ទឹកដីសហរដ្ឋអាមេរិកហើយសម្រាប់រដូវកាល ២០២១ នេះ។ ការប្រកួតដែលរៀបចំឡើងនៅតំបន់ Fayetteville នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក ការប្រកួតផ្នែកនារីកីឡាការិនីហូឡង់ Lucinda Brand របស់ក្រុម Trek បានឡើងមកនាំមុខគេក្នុងតារាងរួមបន្ទាប់ពីយកឈ្នះការប្រកួតជុំទី២ នៅអាមេរិក។

ការប្រកួតដែលមានការរំខានដោយសារភ្លៀងធ្លាក់ជោគជាំ កីឡាករកីឡាការិនីទាំងអស់ត្រូវឆ្លងកាត់ផ្លូវដែលមានភក់មុន នឹងបញ្ចប់ទីដែលមានផ្លូវកៅស៊ូ។ កំហុសរបស់កីឡាការិនី Marianne Vos របស់ក្រុម Jumbo-Visma នៅជុំចុងក្រោយ បានធ្វើឱ្យអ្នកការពារតំណែងជើងឯក Lucinda Brand ឡើងមកនាំមុខ និងមកទីព្រ័ត្រដាច់គេតែម្នាក់ឯង។ ងាកមកការប្រកួតផ្នែកបុរសវិញ កីឡាករប៊ែលហ្ស៊ិក Quinten Hernans បានប្រជែងឈ្នះជាលើកដំបូងក្រោយពីការនាំមុខស្ទើរពេញមួយប្រកួតនេះ។ យ៉ាងណាក្តីមិត្តរួមជាតិប៊ែលហ្ស៊ិករបស់គេកីឡាករ Ely Iserbyt ដែលបានលេខ២ នៅអាមេរិកនេះនៅតែបន្តនាំមុខគេដដែលក្នុងតារាងរួម ខណៈលេខ៣ គឺកីឡាករ Michael Vanthourenhout៕
អត្ថបទ៖នាង សុភាវុធ