គិតត្រឹមសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន បានរក្សាតំណែងក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ផ្ទុយពីក្រុមគិរីវង់សុខសែនជ័យ ដែលបានបញ្ចប់ភារកិច្ចក្នុងជុំទី១ មុនគេ ដោយមិនទាន់ស្គាល់ជ័យជម្នះម្ដងឡើយ ខណៈជំនួបរវាងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និងបឹងកេត មានគ្រាប់បាល់កើតឡើង ៨គ្រាប់ ស្ទើរមិនគួរឲ្យជឿ ក្នុងជំនួបដ៏កក្រើកនៅកីឡដ្ឋាន AIA, KMH Park កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។
សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋាន Smart RSN ។ ជំនួបតានតឹងនេះ កីឡាករ Gayoso បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន បន្ទាប់ពីចាប់ផ្ដើមលេងបាន ៣នាទី តែត្រូវបានអង្គរថាយហ្គឺរ តាមស្មើវិញ ត្រឹមនាទី១១ ដែលរកបានដោយកីឡាករ Da Silva Feritas Joao Pedro ។ ប៉ុន្ដែប្រមាណ ១០នាទីក្រោយមកខ្សែប្រយុទ្ធសញ្ជាតិហ្វីលីពីន Gayoso ក៏រកបានគ្រាប់នាំមុខជាថ្មី នៅនាទី២១ រហូតដល់ចប់វគ្គទី១ ។
ចូលវគ្គទី២ ការប្រកួតកាន់តែជក់ចិត្ត បន្ទាប់ពីការវាយសម្រុកគ្នាកាន់តែខ្លាំង តែអង្គរថាយហ្គឺរ មិនអាចទម្លាយរបាំងការពារក្រុមម្ចាស់ផ្ទះបានទៀតឡើយ ផ្ទុយទៅវិញ ភ្នំពេញក្រោន ក៏រកបាន ១គ្រាប់បន្ថែម ដោយកីឡាករ Yudia Ogawa នៅនាទី៧៩ ហើយបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយក្រុមសិង្ហក្រហម បានយកឈ្នះក្រុមខ្លាទឹកក្រូច ៣-១ តែម្ដង ។ ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ២៧ពិន្ទុពេញ ក្រោយឈ្នះ ៩ប្រកួតជាប់គ្នា គ្រាដែលអង្គរថាយហ្គឺរ បានធ្លាក់មកឈរលេខ៤ ដោយរក្សា ១៦ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩ប្រកួតឈ្នះ ៥ ស្មើ ១ និងចាញ់ ៣ ។
ចំណែកក្រុមគិរីវង់សុខសែនជ័យវិញ បានបន្ដបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៧-១ ។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Neville Mbanwei Tengeg នៅនាទី៤៥+៥ បន្ទាប់ពីត្រូវក្រុមភ្ញៀវបើកការនាំមុខ ៥គ្រាប់មុន ។ អ្វីដែលពិសេសគឺត្រឹម ១០នាទី កីឡាករ Josemar រកបាន ៤គ្រាប់ម្នាក់ឯងឲ្យកងយោធពលខេមរភូមិន្ទ មុនក្រុមពួកគេបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ Tetsuaki Misawa នៅចុងម៉ោង ។
ការបរាជ័យនេះ នាំឲ្យគិរីវង់សុខសែនជ័យ គឺក្រុមដែលបញ្ចប់ការប្រកួតជុំទី១ មុនគេ ដោយមិនស្គាល់ជ័យជម្នះសោះ ក្នុងចំណោម ១០ប្រកួតស្មើ ១ និងចាញ់ ៩ ស្របពេលកងយោធពលខេមរភូមិន្ទ បន្ដឈឬលេខ៨ និងរកបាន ១០ពិន្ទុ ជាមួយលទ្ធផល ៩ប្រកួតឈ្នះ ៣ ស្មើ ១ និងចាញ់ ៥ ។
ដោយឡែកជំនួបដ៏កក្រើកតំបន់វេងស្រេង រវាងម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និងបឹងកេត បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីបឹងកេត បើកការនាំមុខ ២គ្រាប់មុន ដោយកីឡាករ Golubovic Stefan នៅនាទីទី៤ និងកីឡាករ Yoshihama Ryohei នៅនាទី២៣ ISI ក៏តាមស្មើវិញ ត្រឹមនាទី៤៨ ដែលធ្វើសម្រេច ២គ្រាប់ដោយកីឡាករ ហាវ សុខនេត្រ ។
បន្ទាប់មកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ រកបានគ្រាប់នាំមុខជាថ្មីឲ្យក្រុមនាគខៀវ នៅនាទី៦៣ តែមិនទាន់បាន ៣នាទីស្រួលបួលផង ISI ក៏តាមស្មើវិញ ដោយកីឡាករ Louis Willy នៅនាទី៦៧ ខណៈ ២នាទីក្រោយមកកីឡាករជប៉ុន Yoshihama Ryohei ក៏រកបានគ្រាប់នាំមុខឲ្យបឹងកេតម្ដងទៀត នៅនាទី៦៩ ។ ក្រោយវាយសម្រុកគ្នាទៅវិញទៅមក នៅចុងម៉ោងកីឡាករ Louis Willy ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមដំរីជ័យ នៅនាទី៩០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
ការចែកគ្នា ១ពិន្ទុម្នាក់នេះ ធ្វើឲ្យបឹងកេត បន្ដឈរលេខ៦ និងមាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ ៤ ស្មើ ២ និងចាញ់ ២ នាំមុខ ISI ដង្កោសែនជ័យ ដែលឆ្លងកាត់ ៩ប្រកួតឈ្នះ ៣ ស្មើ ២ និងចាញ់ ៤ រកបាន ១១ពិន្ទុ ។
ដោយឡែកជំនួបសប្ដាហ៍ទី៩ មួយគូទៀតវិញ គឺក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៥-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជ័យជម្នះនេះ ធ្វើឲ្យណាហ្គាវើលដ៏ ឡើងទៅឈរលេខ៣ បណ្ដោះអាសន្ន ដោយរកបាន ១៨ពិន្ទុពីការប្រកួត ៩លើកឈ្នះ ៦ និងចាញ់ ៣ គ្រាដែលក្រសួងមហាផ្ទៃ បន្ដឈរលេខ៩ និងរក្សា ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ៧ប្រកួត៕ អត្ថបទ លី ឈុនឡា



