ប្រធានាធិបតីស្វីស នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បានសម្តែងពីការមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) នៅតែអាចសម្រេចបាននៅចុងឆ្នាំ ស្តីពីការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរបស់ភគីទាំង២ ទោះបីជាមានកង្វះខាតកិច្ចព្រមព្រៀង ជុំវិញបញ្ហានានា ដូចជាអន្តោប្រវេសន៍ជាដើមក៏ដោយ។
នៅទីក្រុង Bern លោកស្រី Viola Amherd បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានដំណើរការយ៉ាងល្អរួចទៅហើយនៅក្នុងវិស័យមួយចំនួន ជាពិសេសលើបញ្ហាស្ថាប័ន និងជំនួយរដ្ឋ។ នៅក្នុងផ្នែកផ្សេងទៀត ជាពិសេស បញ្ហាអន្តោប្រវេសន៍ គោលជំហរត្រូវការការឯកភាពគ្នាបន្ថែមទៀត»។
លោកស្រី Amherd ធ្លាប់បាននិយាយកាលពីមុនថា ប្រទេសស្វីសកំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងជាមួយ EU នៅឆ្នាំនេះ នៅពេលដែលអាណត្តិមួយឆ្នាំរបស់លោកស្រី ក៏ឈានដល់ទីបញ្ចប់ហើយដែរ។ លោកស្រីបានបន្ថែមថា៖ «ដោយផ្ទាល់ខ្លួន ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា យើងនឹងដោះស្រាយបាន»។
គួរបញ្ជាក់ថា ការប៉ុនប៉ងនាពេលមុន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ បានបរាជ័យ ជុំវិញការព្រួយបារម្ភអំពីអធិបតេយ្យភាពរបស់ស្វីស។ បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមនៅសេសសល់ គឺការប្រឆាំងក្នុងស្រុកពីគណបក្សស្តាំនិយមឈានមុខគេ គឺគណបក្ស Swiss People's Party (SVP) ហើយលោកស្រី Amherd បានទទួលស្គាល់ថា ការពិភាក្សាជាមួយពួកគេ «ស្ទើរតែមិនអាចកើតឡើងបានឡើយ»៕

