ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយកាលពីថ្ងៃច័ន្ទថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣ បានកើនឡើងដល់២.៧១០នាក់ ខណៈអ្នករងរបួសបានកើនឡើងដល់១២.៥៩២នាក់។ យោធាអ៊ីស្រាអែល បានវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់ កំណត់លើគោលដៅរបស់ក្រុមហេសបូឡា កាលពីថ្ងៃចន្ទ។ ក្នុងការឆ្លើយតប ក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ូកែតចូលទៅកាន់អ៊ីស្រាអែល នៅថ្ងៃដដែលនោះ។

ទីក្រុងកំពង់ផែ ថៃអឺ(Tire) នៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានយោធាអ៊ីស្រាអែលទម្លាក់គ្រាប់បែកយ៉ាងខ្លាំង កាលពីថ្ងៃចន្ទ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល បានអះអាងថាបានបើកការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា នៅទីក្រុងថៃអឺ(Tire) ដោយផ្តោតលើឃ្លាំងអាវុធរបស់ក្រុមហេសបូឡា រចនាសម្ព័ន្ធយោធា និងប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមនេះ។ ភូមិព្រំដែន នៅភាគខាងត្បូងប្រទេសលីបង់ ក៏ត្រូវរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃជាមួយគ្នានោះដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងប្រភពយោធា បានឱ្យដឹងថា មនុស្ស១៥នាក់បានស្លាប់ និង៣៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃចន្ទ។
ប្រភពយោធាលីបង់បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយឆ្មក់តាមអាកាសចំនួន១៧លើក នៅភាគខាងត្បូងប្រទេសលីបង់ និង៥លើកនៅភាគខាងកើត ខណៈកាំភ្លើងធំបានបាញ់ផ្លោងចំនួន៤៥គ្រាប់ទៅលើទីប្រជុំជន និងភូមិព្រំដែនចំនួន២០។
ទាហានជើងគោករបស់អ៊ីស្រាអែល ដែលគាំទ្រដោយរថក្រោះ Merkava បានរុលចូលឆ្ពោះទៅភូមិជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែ បានជួបប្រទះដោយការបាញ់ដោយកាំភ្លើងធំ និងមីស៊ីល ពីការទប់ទល់របស់ក្រុមហេសបូឡា។