ភូមិ Bukchon Hanok របស់ទីក្រុងសេអ៊ូល បានក្លាយជាគោលដៅទេសចរណ៍កំពូលសម្រាប់ភ្ញៀវមកកម្សាន្តលេងកូរ៉េខាងត្បូង ដោយទាក់ទាញភ្ញៀវឲ្យមកលេងផ្ទះបែបប្រពៃណីរបស់ពួកគេ ។
ប៉ុន្តែពលរដ្ឋមួយចំនួននៅក្នុងភូមិ Bukchon Hanok និយាយថា ពួកគេក្លាយជាជនរងគ្រោះដោយសារលំហូរភ្ញៀវទេសចរដ៏ច្រើនលើសលប់នេះ ហើយបច្ចុប្បន្នក្រុមមន្រ្តី នឹងចាត់វិធានការ ។
នៅក្នុងខែវិច្ឆិកាខាងមុខនេះ ភូមិទេសចរណ៍មួយនេះ នឹងចាប់ផ្តើមបំរាមគោចរ ដើម្បីកម្រិតផលប៉ះពាល់បង្កឡើងដោយសារភ្ញៀវទេសចរ ។
ភូមិ Bukchon Hanok មានប្រជាប្រិយភាពខ្លាំងនៅក្នុងកម្មវិធីទូរទស្សន៍កាលពីរយៈពេល ១ទសវត្សរ៍មុន ហើយបច្ចុប្បន្នប្រឈមនឹងបញ្ហាជាច្រើនដូចជាសំឡេងខ្លាំង សម្រាម និងការរំខានដល់ភាពឯកជន ។
កាលពីឆ្នាំមុន ភូមិ Bukchon Hanok បានទាក់ទាញភ្ញៀវទេសចរប្រហែល ៦លាននាក់ ខណៈដែលអ្នកភូមិមានត្រឹម ៦ពាន់នាក់ប៉ុណ្ណោះ ។
ចាប់ពីខែវិច្ឆិកាតទៅ ភ្ញៀវទេសចរនឹងត្រូវរឹតត្បិតការចូលចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០ព្រឹក ក្នុងនោះអ្នកដែលបំពាន នឹងប្រឈមការផាកពិន័យជាទឹកប្រាក់ ១០ម៉ឺនវ៉ុន(ស្មើនឹង ៧២ដុល្លារ) ។ បំរាមគោចរនេះ នឹងដាក់ចេញជាផ្លូវនៅខែមិនា ឆ្នាំ ២០២៥ ។
លោក Chung Moon-hun គឺជាអភិបាលស្រុក Jongno ជាកន្លែងដែលភូមិស្ថិតនៅ និយាយថា រដ្ឋាភិបាលក្នុងស្រុក នឹងធ្វើការជាមួយអ្នកស្រុក មុនការដាក់ចេញបំរាមគោចរផ្លូវការ ។
លោកបន្តថា ពួកយើងនឹងព្យាយាមធ្វើឲ្យភ្ញៀវមកកម្សាន្តលេងមានតុល្យភាព ហើយមិនបង្កផលរំខានខ្លាំងដល់អ្នកស្រុក ហើយនេះគឺជាលើកដំបូងដែលពួកយើងអនុវត្តន៍គោលនយោបាយបែបនេះនៅកូរ៉េខាងត្បូង ដូច្នេះហើយពួកយើងនឹងធ្វើការយ៉ាងដិតដល់ជាមួយអ្នកស្រុក ដើម្បីធ្វើការកែតម្រូវ បើសិនជាចាំបាច់ ៕