ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh ដែលបាននិយាយនៅថ្ងៃពុធ (ទី៣០ ខែតុលា) នេះ ថា ដំណើរការផលិតមីស៊ីលរបស់អ៊ីរ៉ង់ មិនត្រូវបានរំខានអ្វីឡើយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាធារណរដ្ឋអ៊ិស្លាម កាលពីថ្ងៃទី២៦ ខែតុលា។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី២៨ ខែតុលា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានពោលសរសើរ ចំពោះអ្នកបើកយន្តហោះអ៊ីស្រាអែល ដែលបានបំផ្លាញសមត្ថភាពផលិតរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារតាមអាកាស ដើម្បីឆ្លើយតបទៅនឹងការបាញ់ស្រោចនូវមីស៊ីលពីសំណាក់អ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ទៅលើអ៊ីស្រាអែល។
លោក Gallant បាននិយាយថា «ការផ្គត់ផ្គង់របស់ពួកគេ ឥឡូវនេះ ស្ថិតក្នុងរង្វង់ដែលមានកម្រិត ហើយនេះប៉ះពាល់ដល់ការស្តុកទុករបស់ពួកគេ។ ទាំងការវាយប្រហារ និងសមត្ថភាពការពាររបស់ពួកគេ ត្រូវបានធ្វើឲ្យចុះខ្សោយ»។
អ្នកស្រាវជ្រាវជនជាតិអាមេរិក ២នាក់ បានប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំអគារដែលអ៊ីរ៉ង់ប្រើសម្រាប់លាយឥន្ធនៈរឹង ដើម្បីផលិតមីស៊ីលបាលីស្ទិក ហើយថា ការខូចខាតនេះ «ទំនងជាបានរារាំងយ៉ាងខ្លាំងដល់សមត្ថភាពផលិតមីស៊ីលរបស់អ៊ីរ៉ង់»។
តែយ៉ាងណាក្ដី នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បាននិយាយថា៖ «សត្រូវបានព្យាយាមបំផ្លាញទាំងប្រព័ន្ធការពារ និងវាយលុករបស់យើង ប៉ុន្តែមិនទទួលបានជោគជ័យឡើយ ដោយសារយើងបានរៀបចំ និងបានដឹងពីព័ត៌មាននៃការវាយប្រហារនោះ»៕


