នាយករដ្ឋមន្ត្រីលីបង់ បានបង្ហាញក្តីសង្ឃឹមថាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈទូរទស្សន៍រដ្ឋរបស់អ៊ីស្រាអែលបានចុះផ្សាយនូវអ្វីដែលខ្លួនបាននិយាយថាជាសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ផ្តល់សម្រាប់បទឈប់បាញ់ដំបូងរយៈពេល ៦០ ថ្ងៃ។
ឯកសារ ដែលទូរទស្សន៍ Kan បាននិយាយថា គឺជាសំណើលេចធ្លាយដែលសរសេរដោយទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អ៊ីស្រាអែល នឹងដកកងកម្លាំងរបស់ខ្លួនចេញពីលីបង់ក្នុងសប្តាហ៍ដំបូងនៃបទឈប់បាញ់រយៈពេល៦០ ថ្ងៃ។
ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់អនុប្រធាននៃអង្គភាពកងកម្លាំងពិសេសរបស់ក្រុមហេសបូឡា ក្នុងអំឡុងពេលការវាយប្រហារ ដឹកនាំដោយចារកម្មសម្ងាត់ នៅក្នុងប្រទេសលីបង់។
នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលបាននិយាយថាលោក Mustafa Ahmad Shadadi ត្រូវបានសម្លាប់នៅភាគខាងត្បូងរបស់ប្រទេសលីបង់។
ប្រភពដដែលបានបន្ថែមថាលោកគឺជាមេបញ្ជាការទីពីរនៃកងកម្លាំង Radwan របស់ក្រុមហេសបូឡា និងទទួលខុសត្រូវចំពោះប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងត្រួតពិនិត្យការវាយប្រហារភេរវកម្មនៅភាគខាងត្បូងប្រទេសលីបង់។
សេចក្តីប្រកាសនេះបានធ្វើឡើងស្របពេលកងទ័ពអ៊ីស្រាអែលបានចេញការព្រមានដល់ប្រជាជននៅក្នុងតំបន់ណាបាទី (Nabatieh) ភាគខាងត្បូងនៃប្រទេសលីបង់ ឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕