ចៅក្រមនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) បានបន្តកាលបរិច្ឆេទបោះឆ្នោតរហូតដល់ថ្ងៃសុក្រ (០១ វិច្ឆិកា) សម្រាប់អ្នកបោះឆ្នោតតំបន់ បាក់ស៍ ខោនធី (Bucks County) ក្នុងការដាក់សន្លឹកឆ្នោតតាមប្រអប់សំបុត្រ បន្ទាប់ពីយុទ្ធនាការរបស់លោក Donald Trump បានប្តឹងចោទប្រកាន់ថា អ្នកគាំទ្រមួយចំនួនរបស់លោកដែលចង់បោះឆ្នោតតាមប្រអប់សំបុត្រត្រូវបានបដិសេធដោយមិនត្រឹមត្រូវ។

នៅក្នុងបណ្ដឹងដែលបានដាក់កាលពីថ្ងៃពុធ (៣០ តុលា) យុទ្ធនាការលោក Trump រួមជាមួយបេក្ខជនព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដេវ មែកខូមីក (Dave McCormick) និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋ បាននិយាយថា ការិយាល័យតំបន់កាលពីថ្ងៃអង្គារ មិនទទួលអ្នកបោះឆ្នោត ដែលតម្រង់ជួរយ៉ាងវែងមុនថ្ងៃផុតកំណត់ម៉ោង ៥ល្ងាច ដើម្បីដាក់ពាក្យសុំដាក់សន្លឹកឆ្នោតតាមប្រអប់សំបុត្រ។

ពលរដ្ឋនៅតំបន់ បាក់ស៍ ខោនធី ដែលធ្លាប់បានបោះឆ្នោតគាំទ្រតិចតួចប៉ុណ្ណោះសម្រាប់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងឆ្នាំ២០២០ នឹងមានរយៈពេលរហូតដល់ថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីដាក់ពាក្យទទួល ឬបញ្ជូនសន្លឹកឆ្នោតត្រឡប់មកវិញតាមប្រអប់សំបុត្រ នេះបើយោងតាមដីកាពីលោកចៅក្រម ជេសហ្វ្រី ទ្រូជើ (Jeffrey Trauger)។

រដ្ឋ Pennsylvania គឺជារដ្ឋមួយក្នុងចំណោមរដ្ឋប្រទាញប្រទង់ចំនួនប្រាំពីរ ដែលទំនងជានឹងសម្រេចការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារ ទី០៥ វិច្ឆិកា។ អង្គបោះឆ្នោតចំនួន ១៩របស់រដ្ឋនេះ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ទាំងលោក Trump និងគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រីអនុប្រធានាធិបតី Kamala Harris៕