បាល់ទាត់៖ ខ្សែបម្រើយុវជនអេស្ប៉ាញ Pedri បានយល់ព្រមបន្តកិច្ចសន្យាជាមួយ Barcelona ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ អមជាមួយតម្លៃផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូផងដែរ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប។ កីឡាករវ័យ ១៨ឆ្នាំរូបនេះនឹងចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីនៅថ្ងៃសុក្រនេះ ដែលកិច្ចសន្យាថ្មីនឹងមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

Pedri បានផ្លាស់មកកាន់ Barcelona ពី Las Palmas កាលពីខែសីហា ឆ្នាំ២០២០ និងបានបង្ហាញខ្លួនដល់ទៅ ៥៣ប្រកួតរដូវកាលមុន ច្រើនជាងកីឡាករផ្សេងទៀតនៅ Barcelona ត្រឹមវ័យ ១៧ឆ្នាំប៉ុណ្ណោះ។ Pedri ក៏ជាសមាជិករបស់ក្រុមជំរើសជាតិអេស្ប៉ាញផងដែរនៅព្រឹត្តិការណ៍ Euro ២០២០ កន្លងទៅ។ អ្នកចាត់ការក្រុមជំរើសជាតិអេស្ប៉ាញលោក Luis Enrique តែងតែដាក់ Pedri ឱ្យចាប់ផ្តើម ១១នាក់គ្រប់ប្រកួតទាំងអស់នៅ Euro ២០២០ នោះ។ Pedri ក៏បានជាប់ក្នុងជំរើស ១១នាក់ល្អបំផុតប្រចាំព្រឹត្តិការណ៍ Euro ផងដែរ។ ក្រៅពីនេះ Pedri ក៏ជាសមាជិករបស់អេស្ប៉ាញនៅអូឡាំពិកទីក្រុងតូក្យូផងដែរ ដែលអេស្ប៉ាញឈ្នះមេដាយប្រាក់ក្រោយចាញ់ប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ។ រដូវកាលនេះទៀតសោត Pedri បានបង្ហាញខ្លួន ៤លើកឱ្យ Barcelona ដែលកំពុងមានវិបត្តិហិរញ្ញវត្ថុ ខណៈទំរង់លេងក៏ធ្លាក់ចុះធ្លាក់ដល់លេខ៧ ក្នុងតារាង La Liga និងបាតពូលនៅ UEFA Champions League ថែមទៀត៕
អត្ថបទ៖នាង សុភាវុធ