អង្គការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន បាននិយាយថា កុមារជាង ២,៨លាននាក់ ដែលមានអាយុក្រោម ៥ ឆ្នាំ ប្រឈមនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ខណៈដែលជម្លោះប្រដាប់អាវុធ នៅតែបន្តរីករាលដាលពាសពេញប្រទេសស៊ូដង់។

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ Save the Children បាននិយាយក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា កុមារដែលឥឡូវនេះ ត្រូវបានផ្លាស់ទីលំនៅ នៅទូទាំងប្រទេសស៊ូដង់ នឹងបាត់បង់នូវតម្រូវការចាំបាច់សម្រាប់កុមារ រួមទាំងការចាក់វ៉ាក់សាំង ទឹកស្អាត ការថែទាំសុខភាព អាហារបំប៉ន និងទីជម្រកពីកម្តៅ និងត្រជាក់ខ្លាំង»។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជាងពាក់កណ្តាលនៃអ្នកផ្លាស់ទីលំនៅចំនួន ១១លាននាក់ ឬ ៥,៨ លាននាក់ គឺជាក្មេងអាយុក្រោម ១៨ឆ្នាំ ដែលមួយចំនួនធំ រស់នៅក្នុងជំរំផ្លាស់ទីលំនៅ ការតាំងទីលំនៅក្រៅផ្លូវការ សាលារៀនចង្អៀត ឬអគារសាធារណៈផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ អង្គការសំខាន់ៗក្នុងស្រុកនៅកណ្តាលរដ្ឋ Gezira ដែលកំពុងឃើញការវាយប្រហារកាន់តែខ្លាំងឡើង បានព្រមានថា កុមារ គឺជាជនរងគ្រោះដ៏សំខាន់នៃរលកនៃអំពើហិង្សានាពេលបច្ចុប្បន្ន។
លោក Al-Khatim Ali អ្នកនាំពាក្យរបស់មូលនិធិ SANAD ដែលជាអង្គការសប្បុរសធម៌ បាននិយាយថា៖« ក្មេងជាង ១០០នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារប្រដាប់អាវុធនាពេលថ្មីៗនេះ នៅក្នុងតំបន់ Gezira ភាគខាងកើត»។