ប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានបញ្ជាក់កាលពីថ្ងៃពុធថា ប្រទេសនេះ បានស្នើសុំមីស៊ីល រយៈចម្ងាយឆ្ងាយ Tomahawk ពីសហរដ្ឋអាមេរិក។
លោក ហ្សេឡិនស្គី បាននិយាយថា៖«នេះគឺជាព័ត៌មានសម្ងាត់រវាងអ៊ុយក្រែន និងសេតវិមាន» ដោយបានអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗដែលបានបញ្ជាក់ថា ទីក្រុងគីវ បានស្នើសុំមីស៊ីល Tomahawk។
លោកប្រធានាធិបតី បានបន្ថែមថា អ៊ុយក្រែនបានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយដែលជាផ្នែកមួយនៃ «ផែនការជ័យជម្នះ» របស់ខ្លួនដែលគ្រោងនឹងប្រើប្រាស់វា ប្រសិនបើរុស្ស៊ី «បន្តបង្កើន»ជម្លោះ។
លោក ហ្សេឡិនស្គី បាននិយាយថា៖«ខ្ញុំបាននិយាយថា មីស៊ីលនេះ គឺជាឧបករណ៍ការពារ»។
កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានរាយការណ៍ថា លោក ហ្សេឡិនស្គី បានស្នើសុំមីស៊ីលTomahawkពីសហរដ្ឋអាមេរិក ដែលជាផ្នែកនៃ«កញ្ចប់ការពារមិនមែននុយក្លេអ៊ែរ» នៅក្នុង «ផែនការជ័យជម្នះ» របស់លោក។ មីស៊ីល Tomahawk អាចហោះបានចម្ងាយប្រហែល ២.៤០០គីឡូម៉ែត្រ។ នេះបើយោងទៅតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។