រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បានគាំទ្រសំណើបញ្ជូនគណៈប្រតិភូយោធាដែលមានអ្នកវិភាគ និងអ្នកសង្កេតការណ៍ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីតាមដានសកម្មភាពរបស់កងទ័ពកូរ៉េខាងជើង នៅក្នុងករណីនៃការលេចឡើងរបស់ពួកគេ នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស។
ក្នុងអំឡុងពេលសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា ពីមុន ប្រទេសនេះ បានបញ្ជូនអ្នកសង្កេតការណ៍ទៅសិក្សាបទពិសោធប្រយុទ្ធក្នុងជម្លោះផ្សេងៗ។
តាមគំនិតរបស់លោក ការបញ្ជូនអ្នកសង្កេតការណ៍ និងអ្នកវិភាគ ទៅកាន់តំបន់ជម្លោះអ៊ុយក្រែន គឺជាកិច្ចការជាក់ស្តែងសម្រាប់យោធាកូរ៉េខាងត្បូង។
មុននេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងរុស្ស៊ី និងកូរ៉េខាងជើង មិនមែនជារឿងចម្លែក ឬមិនធម្មតានោះទេ ទោះបីជាលោកខាងលិច ព្យាយាមលាបពណ៌ក៏ដោយ។ យោងតាមអ្នកស្រីបានឲ្យដឹងថា អ្នកដែលមានបំណងធ្វើការទំនាក់ទំនងដោយសន្តិវិធីជាមួយរុស្ស៊ី មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។
ដោយធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍អំពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេស រុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា កងទ័ពណាតូ បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន ជាយូរមកហើយ។