កោះតៃវ៉ាន់៖ ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ ៤៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំបានឆាបឆេះអគារមួយនៅភាគខាងត្បូងកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កោះតៃវ៉ាន់ (CNA) បានឲ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅក្នុងអគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់ ១៣ជាន់នៅវេលាម៉ោង ២ និង ៥៤នាទីព្រឹកម៉ោងក្នុងស្រុកនៅសង្កាត់ Yancheng របស់ទីក្រុង Kaohsiung។

អ្នកនាំពាក្យនៅការិយាល័យពន្លត់អគ្គិភ័យទីក្រុង Kaohsiung បានប្រាប់ទូរទស្សន៍ CNN ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយដោយមានបុគ្គលិកជួយសង្គ្រោះជាង ៣៧៧នាក់ និងរថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៣៩គ្រឿងត្រូវបានបញ្ជូននៅកន្លែងកើតហេតុ។ លោកបាននិយាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ៤១នាក់ដែរបានរងរបួស ព្រមទាំងបានជួយសង្គ្រោះមនុស្សចំនួន ៦២នាក់អាយុចន្លោះពី ៨ និង ៨៣ឆ្នាំ។ ដំបូងឡើយក្រុមអាជ្ញាធរបានដាក់ចំនួនអ្នកស្លាប់ត្រឹម ៧នាក់ ប៉ុន្តែប្រធានអង្គភាពពន្លត់អគ្គិភ័យរបស់ទីក្រុង លោក Lee Ching-hsiu បានព្រមានថា អាចមានមនុស្សស្លាប់ និងរបួសបន្ថែមទៀត ខណៈដែលមនុស្សមួយចំនួននៅតែអាចជាប់នៅក្នុងផ្នែកលំនៅដ្ឋាននៃអគារនេះរវាងជាន់ទី៧ និងទី១១។

យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា គេនៅមិនទាន់ច្បាស់ថា មូលហេតុអ្វីដែលបណ្ដាលឲ្យមានអគ្គិភ័យនេះឆាបឆេះឡើង។ ចំណែកនគរបាលក្នុងតំបន់កំពុងពិនិត្យមើលកាម៉េរាសុវត្ថិភាព ហើយនិយាយថា ពួកគេមិនអាចច្រានចោលថា អគ្គិភ័យនេះកើតចេញពីកត្តាមនុស្សបានទេ នេះបើយោងតាមរបាយការណ៍៕
អត្ថបទ៖ សុខមាន