ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរកូរ៉េខាងត្បូងនៅក្នុងភូមិមួយ ក្បែរព្រំដែនជាមួយកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) នេះ បានរារាំងផែនការរបស់ក្រុមគ្រួសារនៃអ្នកដែលត្រូវបានគេជឿថា ត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើង ដោយពួកគេមានបំណងបញ្ជូនបាឡុងហោះដែលមានផ្ទុកខិត្តប័ណ្ណរិះគន់ប្រទេសនេះ។
ការប៉ុនប៉ងមិនបានសម្រេច ក្នុងការបញ្ជូនបាឡុងឆ្លងកាត់ព្រំដែន ដែលមានកម្លាំងយោធាយាមល្បាតយ៉ាងតឹងរ៉ឹងនោះ កើតឡើងនៅក្នុងពេលវេលាដ៏រសើប នៅពេលដែលភាពតានតឹង រវាងប្រទេសជិតខាងទាំង២ មានកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនបាឡុងរាប់ពាន់ដែលផ្ទុកពេញដោយសំរាម និងការឃោសនាចូលទៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៤ នេះ។ ប្រទេសនេះបានពណ៌នាថា ការធ្វើនេះជាការសងសឹក ចំពោះការបញ្ចូនឧបករណ៍ហោះបានពីសកម្មជននៅកូរ៉េខាងត្បូងដែលមានផ្ទុកនូវវត្ថុផ្សេងៗ ដូចជាខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង គម្ពីរសាសនាគ្រិស្ត និងអង្គចងចាំ USB ដែលផ្ទុកទៅដោយវីដេអូតន្ត្រី និងភាពយន្តរឿងភាគរបស់តារា K-pop (ខេប៉ុប)។
អាជ្ញាធរ នៅទីក្រុង Paju ដែលជាទីក្រុងនៅជិតកន្លែងកើតហេតុ បាននិយាយថា ការចូលត្រូវបានរារាំង ចំពោះមនុស្សដែលមានទំនាក់ទំនងជាមួយការប៉ុនប៉ង ដើម្បីចែកចាយខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង៕

