ប្រទេសប៉ូឡូញកំពុងរៀបចំចាប់ផ្តើមកិច្ចពិភាក្សា ជុំវិញការបញ្ជាទិញជើងទម្របាញ់គ្រាប់រ៉ូកែត HIMARS ជាង ១០០គ្រឿង ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin Corporation។ នេះបើតាមការលើកឡើងពីមន្ត្រីយោធាជាន់ខ្ពស់មួយរូបរបស់ប្រទេសសមាជិកអង្គការណាតូដែលមានព្រំដែននៅភាគខាងកើតមួយនេះ។
ដោយសំដៅទៅលើការបញ្ជាក់របស់ប៉ូឡូញ ដើម្បីទិញប្រព័ន្ធ M142 HIMARS ប្រធានទីភ្នាក់ងារសព្វាវុធ លោកឧត្តមសេនីយ៍ Artur Kuptel បានប្រាប់សារព័ត៌មាន Reuters ថា៖ «នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងចាប់ផ្តើមការចរចា សម្រាប់កិច្ចសន្យាប្រតិបត្តិដំបូង សម្រាប់ប្រព័ន្ធ HOMAR-A។ យើងមានកិច្ចព្រមព្រៀង (ក្របខ័ណ្ឌ) ដើម្បីទិញ ៤៨៦គ្រឿង ហើយកិច្ចសន្យាប្រតិបត្តិដំបូង នឹងមានជាង ១០០គ្រឿង»។
គួរបញ្ជាក់ថា បណ្ដាមន្ត្រី នៅក្នុងជួររដ្ឋាភិបាលពីមុន បានចោទប្រកាន់ម្តងហើយម្តងទៀតដល់រដ្ឋាភិបាលចម្រុះកាន់អំណាចបច្ចុប្បន្ន ដែលបានឡើងគ្រប់គ្រងប្រទេសក្នុងខែធ្នូ ឆ្នាំ២០២៣ ពីការយឺតយ៉ាវ ក្នុងការទិញអាវុធរបស់ប៉ូឡូញ និងលាក់បាំងចេតនា ក្នុងការបន្ថយ ឬលុបចោលការបញ្ជាទិញ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌមុន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋាភិបាលប៉ូឡូញបានលើកឡើងថា ខ្លួននឹងចំណាយ ៤,១ភាគរយនៃផលិតផលក្នុងស្រុកសរុប លើវិស័យការពារជាតិ នៅឆ្នាំ២០២៤ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសមាជិកអង្គការណាតូ សម្រាប់រយៈពេល ២ឆ្នាំ ដោយសន្យាថា នឹងដំឡើងឲ្យដល់ ៤,៧ភាគរយ នៅឆ្នាំ២០២៥៕

