រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកសង្ឃឹមថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាសប្តាហ៍ក្រោយ នឹងប្រព្រឹត្តទៅដោយសន្តិវិធី ខណៈដែលលោកបានបន្ថែមថា លោកក៏មិនច្បាស់ដែរថា តើស្ថានភាពនឹងជាបែបណានោះឡើយ។
នៅក្នុងបទសម្ភាសន៍មួយ ដោយមិនបានលម្អិតឲ្យបានច្បាស់លាស់ លោកបានប្រាប់ទូរទស្សន៍ BFM TV ថា៖ «នេះគឺជាការបោះឆ្នោតដ៏សំខាន់បំផុត ហើយខ្ញុំសង្ឃឹមថា វាអាចប្រព្រឹត្តទៅក្នុងស្ថានភាពសន្តិភាព ដែលមើលទៅខ្ញុំហាក់ដូចជាមិនហ៊ានធានាទាំងស្រុងនោះដែរ»។
ដោយការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា នៅសល់តែប៉ុន្មានថ្ងៃទៀតនោះ មន្ត្រីនៅក្នុងបណ្ដារដ្ឋសមរភូមិ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងបំផុតនោះ កំពុងត្រៀមប្រឈមជាមួយនឹងព័ត៌មានមិនពិត ទ្រឹស្តីសមគំនិត ការគំរាមកំហែង និងអំពើហិង្សាដែលអាចកើតមាន។
ហើយលោក Barrot បាននិយាយថា អំពើហិង្សាណាមួយ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ នឹងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក។
យ៉ាងណាក្ដី លោកបានបន្ថែមថា ប្រទេសបារាំងនឹងធ្វើការជាអ្នកដឹកនាំរូបណាក៏បាន ដែលឈ្នះការប្រកួតប្រជែងនេះ រវាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris៕