ឯកអគ្គរដ្ឋទូតរងរបស់អាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក រ៉ូប៊ឺត វូដ (Robert Wood) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ថា អាមេរិក បានទទួលព័ត៌មានដែលបង្ហាញថា "នៅពេលនេះ" មានទាហានកូរ៉េខាងជើង ៨.០០០នាក់ នៅក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី។

លោក Wood បាននិយាយដោយចោទសួរតំណាងរបស់ទីក្រុងមូស្គូថា "តើពេលនេះរុស្ស៊ី នៅតែអះអាងថាមិនមានកងទ័ពកូរ៉េខាងជើង នៅក្នុងទឹកដីខ្លួនទៀតដែរទេ?"។

តំណាងរុស្ស៊ី ក្នុងក្រុមប្រឹក្សាសន្តិសុខនៅពេលនោះ មិនបានឆ្លើយតបនឹងលោក Wood ឡើយ។ ទីក្រុងមូស្គូ មិនបានបដិសេធ ឬបញ្ជាក់ដោយផ្ទាល់ពីវត្តមានទាហានកូរ៉េខាងជើងទេ ចំណែកទីក្រុងព្យុងយ៉ាងវិញ ដំបូងឡើយបានបដិសេធ បន្ទាប់មកក៏បន្តការពារគំនិតដែលថាការដាក់ពង្រាយទ័ពនេះគឺស្របទៅនឹងច្បាប់អន្តរជាតិ។

សហរដ្ឋអាមេរិក អង់គ្លេស កូរ៉េខាងត្បូង អ៊ុយក្រែន និងប្រទេសដទៃទៀតបានចោទរុស្ស៊ី ថារំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ចំពោះការដាក់ពង្រាយកងទ័ពពីកូរ៉េខាងជើងនេះ។
អាមេរិក និងចិន ក៏បានប៉ះទង្គិចគ្នានៅក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងប៉េកាំងកំពុងផ្តល់ការគាំទ្រទ្រង់ទ្រាយធំសម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី៕