ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានបោកបក់លើកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបានឆក់យកជីវិតមនុស្ស ២ នាក់ និងនាំមកនូវខ្យល់បក់ខ្លាំង និងទឹកជំនន់ទៅកាន់ឆ្នេរសមុទ្រភាគខាងកើត និងតំបន់ភាគខាងជើងរបស់កោះនេះ បន្ទាប់ពីបានឆ្លងកាត់ភាគខាងជើងប្រទេសហ្វីលីពីនសម្លាប់មនុស្សប្រមាណ១៥០នាក់រហូតដល់សប្ដាហ៍នេះ។

សេវាហោះហើរ និងរថភ្លើងត្រូវបានផ្អាកនៅតៃវ៉ាន់ ហើយមនុស្ស៨.៦០០នាក់ត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងទីជម្រកបណ្ដោះអាសន្ន។
ព្យុះទីហ្វុងកង្រី(Kong-rey) បានបោកបក់ក្នុងល្បឿន ១៨៤ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះបានបោកបក់លើតំបន់ភាគខាងកើតនៃទីក្រុង តៃទុង(Taitung)។ ផ្នែកខ្លះនៃស្រុកយីឡាន (Yilan) និងហួលៀន(Hualien) ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែកសិករជាច្រើននៅតំបន់ជនបទភាគច្រើនបានប្រមូលផលដំណាំរបស់ពួកគេរួចហើយ មុនការរំពឹងទុកការខូចខាតពីព្យុះនេះ។

យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់បានឱ្យដឹងថា ព្យុះកង្រី បានចុះខ្សោយកម្លាំង មកត្រឹម១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ហើយចំណុចកណ្តាលនៃព្យុះបានបោះពួយចេញពីកោះសំខាន់នេះ។ ព្យុះនេះត្រូវបានគេរំពឹងថានឹងបោកបក់ទៅភាគឦសាន ហើយនឹងវាយប្រហារតំបន់ជាយកោះផ្សេងនៃកោះតៃវ៉ាន់។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់ ក្រុមអាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ និង២០៥នាក់របួសដោយសារព្យុះនេះគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍។ ការស្លាប់ម្នាក់បានកើតឡើងនៅពេលដើមឈើរលំសង្កត់លើរថយន្ត។នគរបាលក្រុងតៃប៉ិបានរាយការណ៍ថា មនុស្សម្នាក់ទៀតបានស្លាប់នៅពេលបង្គោលភ្លើងដួលរលំ៕