លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ៊ីស្រាអែលអាចទៅដល់គ្រប់ទីកន្លែងក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើភាពចាំបាច់កើតឡើង។
នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមន្ត្រីយោធាថ្មី លោក Netanyahu បាននិយាយថា អ៊ីស្រាអែល មានសេរីភាពនៃការធ្វើសកម្មភាពដែលមិនធ្លាប់មាន ក្រោយការវាយប្រហារថ្មីរបស់ខ្លួនលើអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីរូបនេះនិយាយថា បច្ចុប្បន្ននេះ អ៊ីស្រាអែល មានសេរីភាពនៃសកម្មភាពក្នុងប្រទេសអ៊ីរ៉ង់ច្រើនជាងពេលណាៗទាំងអស់ ។គោលបំណងចម្បងដែលលោកផ្ដល់ឲ្យកងកម្លាំងការពារអ៊ីស្រាអែល និងសាខាសន្តិសុខ គឺដើម្បីទប់ស្កាត់កុំឲ្យអ៊ីរ៉ង់មានអាវុធនុយក្លរអ៊ែរ។

គួររម្លឹកថា អ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅយោធានានា ក្នុងប្រទេសអ៊ីរ៉ង់ មុនមេឃភ្លឺកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ជាការសងសឹកទៅនឹងការបាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ពីអ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីដើមខែតុលា។ នេះគឺជាលើកដំបូងដែលយោធាអ៊ីស្រាអែល បានបើកការវាយប្រហារដោយចំហលើអ៊ីរ៉ង់។
កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាសបន្ដាហ៍នេះដែរ ប្រទេសអ៊ីរ៉ង់ បានព្រមានឆ្លើយតបធ្ងន់ធ្ងរចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍មុនរបស់អ៊ីស្រាអែលលើមូលដ្ឋានយោធារបស់អ៊ីរ៉ង់៕