អនុវត្តតាមការណែនាំក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកានេះ បណ្តាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនានានៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមពេទ្យនានានៅទូទាំងប្រទេសបានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សំាងបន្ថែមការពារការកើតជំងឺកញ្ជ្រិល ស្អូច នៅតាមសហគម តាមខ្នងផ្ទះពលរដ្ឋ។ នៅក្នុងដំណើរការផ្តល់វ៉ាក់សាំងនេះ ពលរដ្ឋនានាបានស្ទុះស្ទៀរនាំគ្នានាំកូនតូចអាយុចាប់ពី៩ខែដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺកាចសាវហាវនេះ។

ពលរដ្ឋនៅសង្កាត់សិត្បួ និងរកាខ្ពស់ នៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា បន្ទាប់ពីមានមេភូមិបានផ្សព្វផ្សាយថា មានក្រុមពេទ្យចុះមកដាក់ប៉ុស្តិ ដាក់គោលដៅចាក់វ៉ាក់សាំងការពារជំងឺកញ្ចឹ្រល ស្អូចជូនកូនតូចអាយុ ៩ខែ ដល់៥៩ខែមក នៅថ្ងៃនេះពលរដ្ឋដែលមានកូនចៅតូចៗ បាននាំគ្នានាំកូនចៅមកចាក់វ៉ាក់សំាងនេះ ដោយមិនអាកខាកបាន ដោយសារបទពិសោធន៍ពលរដ្ឋចាស់ៗដែលធ្លាប់ជួបប្រទះកើត ជំងឺ កញ្ជ្រិល ស្អូចនេះ គឺមានភាពកាចសាហាវពិបាកព្យាបាលទៅលើក្មេងតូច និងងាយឲ្យក្មេងតូចស្លាប់បំផុត បើសិនមិនមានវ៉ាក់សាំងបង្ការជំងឺនេះនៅក្នុងខ្លួន។

បើតាមតំណាងក្រុមពេទ្យចាក់វ៉ាក់សាំងនៅសង្កាត់រកាខ្ពស់ថ្លែងថា នៅក្នុងដំណើរការចុះវ៉ាក់សាំងការពារជំងឺកញ្ជ្រិលស្អូចតាមខ្នងផ្ទះពលរដ្ឋនេះ គឺមានការសហការល្អបណ្តាមេភូមិ និងអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយ និងបានធ្វើឲ្យពលរដ្ឋមានការស្ទុះស្ទៀរខ្លាំងនាំកូនតូចមកចាក់វ៉ាក់សាំងដោយមិនអាកខានបាន។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការចុះចាក់វ៉ាក់សាំងបន្ថែមការពារជំងឺកញ្ជ្រិលស្អូច រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅតាមសហគម តាមវត្តអារ៉ាម តាមខ្នងផ្ទះ តាមសាលាឃុំសង្កាត់ និងតាមមណ្ឌលសុខភាព សរុបចំនួន១២៧២កន្លែង នៅជិតផ្ទះរបស់ពលរដ្ឋបំផុត និងបានកំណត់ផែនការចាក់វ៉ាក់សាំងលើក្មេងអាយុ៩ខែដល់៥ឆ្នាំ សរុបមប្រមាណ ១១ម៉ឺន៨៤៧០នាក់ និងមានក្រុមគ្រូពេទ្យចុះចាក់ចំនួន ១៧១ក្រុម ក្នុងមួយក្រុមមានគ្រូពេទ្យ២រូប និងអ្នកស្ម័គ្រចិត្តភូមិ១រូប៕ អត្ថបទ៖ ស៊ុម សុខជា







