ព្យុះទីហ្វុង Kong-rey បានបោកបក់ដល់ដីគោកនៅតំបន់ឆ្នេរភាគខាងកើតប្រទេសចិន ស្របពេលដែលវាថមថយកម្លាំងមកនៅជាព្យុះត្រូពិកនាថ្ងៃសុក្រនេះ ។
រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍រដ្ឋ CCTV ឃើញទីក្រុងតំបន់ឆ្នេរ Fuzhou ខេត្ត Fujian ក៏ដូចជាទីក្រុង Wenling ខេត្ត Zhejiang គ្របដណ្តប់ដោយអាកាសធាតុចុះអ័ព្ទខ្លាំង ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ។ តំបន់ឆ្នេរលែងឃើញមានមនុស្ស ខណៈដែលទូកនេសាទបានឡើងកំពង់ ។
នៅទីក្រុងសៀងហៃ ទន្លេជាច្រើនត្រូវបានគេមើលឃើញចរន្តទឹកហូរខ្លាំង ខណៈក្រុមអាជ្ញាធរក្នុងស្រុក បន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើកម្រិតទឹកឡើង ដែលអាចនាំឲ្យមានការជន់លិច ។
គេរំពឹងថា ព្យុះ Kong-rey នឹងបោកបក់ត្រឡប់ទៅកាន់សមុទ្រវិញ ឆ្ពោះទៅកាន់ប្រទេសជប៉ុននៅថ្ងៃសុក្រនេះដែរ ៕

