អ្នកស្រុកនៅតាមតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា នាំគ្នាត្អូញត្អែពីបញ្ហាដកដង្ហើម ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងគុណភាពខ្យល់អន់កាលពីថ្ងៃសៅរ៍ បង្កឡើងពីការដុតផាវ អំឡុងពិធីបុណ្យភ្លើងហិណ្ឌូ Diwali ។
រូបភាពវីដេអូឃ្លីបរបស់យានដ្រូន ឃើញការធ្វើចរាចរណ៍លើស្ពាន Signature របស់ទីក្រុងញូវដែល្លី ស្របពេលស្ថានភាពអ័ព្ទខ្លាំង បង្កឡើងដោយសារផ្សែងអ័ព្ទ ។
ដោយឡែក អ្នកស្រុករស់នៅក្នុងទីក្រុងម៉ុមបៃ បានត្អូញត្អែរផងដែរពីគុណភាពខ្យល់អន់ ហើយនិងបង្ហាញការព្រួយបារម្ភថា បញ្ហាសុខភាពរបស់ពួកគេកាន់តែអាក្រក់ខ្លាំងក្រោយពិធីបុណ្យ Diwali ។
មនុស្សមានបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត ទារក មនុស្សចាស់ និងអ្នកដែលមានជំងឺអាឡែស៊ីនឹងកង្វក់បរិយាកាសផ្ទាល់ រងគ្រោះពីការកើនឡើងនៃកម្រិតកង្វក់បរិយាកាស ។
លោក Kunal Bhaskar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងញូវដែល្លី និយាយថា មនុស្សបានដុតផាវ ហើយបានក្លាយជាបញ្ហាសម្រាប់ខ្ញុំ ហើយនិងគ្រួសាររបស់ខ្ញុំ ។
លោកបន្តថា ពួកយើងមិនអាចឲ្យក្មេងៗចេញក្រៅបានទេ មាននូវកង្វក់បរិយាកាសនៅតាមសាលារៀន កង្វក់បរិយាកាស នឹងរីករាលដាល ប្រព័ន្ធភាពស៊ាំរបស់ក្មេងៗ នឹងចុះខ្សោយ ដោយសារកង្វក់បរិយាកាសទាំងអស់នេះ ។
សូមបញ្ជាក់ថា ការដុតផាវស្ថិតនៅកណ្តាលការប្រារព្ធពិធីបុណ្យ Diwali សម្រាប់សាសនិកហិណ្ឌូរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌា ហើយឆ្នាំនេះ មិនខុសប្លែកពីឆ្នាំមុនៗនោះទេ ខណៈដែលទីក្រុងមួយចំនួន រួមទាំងទីក្រុងដែល្លី បានហាមឃាត់ការប្រើប្រាស់ផាវ ដើម្បីទប់ស្កាត់កម្រិតកង្វក់បរិយាកាសដ៏អាក្រក់បំផុតនៅលើពិភពលោកមួយនេះ ៕


