ទីក្រុងគីវ បានអំពាវនាវដល់ទីក្រុងមូស្គូ នៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នេះ ឱ្យផ្តល់បញ្ជីឈ្មោះឈ្លើយសឹកអ៊ុយក្រែន ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្ដូរ បន្ទាប់ពីរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន ពីការបំផ្លិចបំផ្លាញដំណើរការដោះដូរនេះ។
ក្នុងការស្នើសុំបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនពីសមភាគីរុស្ស៊ី ស្នងការសិទ្ធិមនុស្សអ៊ុយក្រែន លោក ឌីមីត្រូ លូប៊ីនេត (Dmytro Lubinets) បានសរសេរនៅលើបណ្តាញផ្ញើសារតេលេក្រាមរបស់ខ្លួនថា "យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរឈ្លើយសឹក!"
អ៊ុយក្រែន និងរុស្ស៊ី តែងផ្លាស់ប្តូរឈ្លើយសឹកជាញឹកញាប់ចាប់តាំងពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី លើប្រទេសជិតខាងដ៏តូចរបស់ខ្លួនក្នុងឆ្នាំ២០២២ មក។ ការដោះដូរចុងក្រោយកើតឡើងនៅពាក់កណ្តាលខែតុលា ដោយភាគីនីមួយៗនាំយកឈ្លើយសឹកចំនួន ៩៥នាក់ត្រឡប់ទៅវិញ។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា អ៊ុយក្រែនពិតជាកំពុងបំផ្លាញដំណើរការនេះ ហើយបានបដិសេធមិនទទួលយកពលរដ្ឋរបស់ខ្លួនមកវិញ។ លោកស្រីបន្តថា ក្រសួងការពារជាតិរុស្ស៊ី បានផ្តល់ជូនឈ្លើយសឹកអ៊ុយក្រែនចំនួន ៩៣៥នាក់ ប៉ុន្តែអ៊ុយក្រែន បានយកត្រឹមតែ ២៧៩នាក់ប៉ុណ្ណោះ។
ភាគីអ៊ុយក្រែន និយាយថា ទីក្រុងគីវតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកពលរដ្ឋរបស់ខ្លួន ហើយបានចោទប្រកាន់រុស្ស៊ី វិញថាពន្យឺតដំណើរការផ្លាស់ប្តូរនេះ៕


