អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នេះថា ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចិនជិត ៤០គ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ដែលកំពុងហោះហើរទៅកាន់ភាគខាងត្បូងនៃកោះ តាមផ្លូវទៅធ្វើសមយុទ្ធនៅប៉ាស៊ីហ្វិក ដែលជាថ្ងៃទីពីរជាប់ៗគ្នាដែលតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធាបែបនេះ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយនោះ តែងតែបញ្ជូនយោធារបស់ខ្លួននៅលើដែនអាកាស និងដែនទឹកនៅជិតកោះនេះ ដើម្បីស្វះស្វែងពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង ៩ព្រឹក (ម៉ោងក្រុងស្រុក) នៅថ្ងៃអាទិត្យ ខ្លួនបានសង្កេតឃើញយន្តហោះយោធាចិនចំនួន ៣៧គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 យន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយានដ្រូន។ កាលពីថ្ងៃសៅរ៍ អាជ្ញាធរនេះនិយាយថា ប្រទេសចិន ក៏បានអនុវត្ត "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" មួយផ្សេងទៀត ជាមួយនឹងនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់។
ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើបេសកកម្មយោធា ដែលត្រូវបានរាយការណ៍តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារ (០៥ វិច្ឆិកា) នេះទេ។
សហរដ្ឋអាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ហើយការលក់សព្វាវុធរបស់ខ្លួនទៅឱ្យក្រុងតៃប៉ិ រួមទាំងប្រព័ន្ធមីស៊ីលតម្លៃ ២ពាន់លានដុល្លារ ដែលបានប្រកាសកាលពីខែមុន បានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង៕


