បើយោងតាមរបាយលារណ៍ បានឲ្យដឹងថា មន្ត្រីអ៊ីរ៉ង់បានព្រមានថា ពួកគេកំពុងរៀបចំផែនការវាយប្រហារនាពេលក្រោយរបស់ប្រទេស ដោយប្រើប្រាស់ក្បាលគ្រាប់មានឥទ្ធិពលខ្លាំងជាងអាវុធដែលបានបាញ់ពីមុន នៅក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល បើទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិក ជុំវិញការវាយប្រហារសងសឹកលើប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗ។ ហើយការវាយប្រហារពីសំណាក់អ៊ីស្រាអែល ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់ស្រោចមីស៊ីលប្រមាណជា ២០០គ្រាប់ ចេញពីអ៊ីរ៉ង់សំដៅចូលអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ថា អ៊ីស្រាអែលបានចៀសវាងមិនធ្វើការវាយប្រហារលើទីតាំងប្រេង និងរោងចក្រនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ ដែលមានសារៈសំខាន់ ចំពោះសន្តិសុខរបស់ប្រទេសនេះ។ តែមន្ត្រីអ៊ីស្រាអែលបាននិយាយថា ការពិចារណាពីហេតុផលអាចប្រែប្រួលបាន។
បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អ្នកការទូតអ៊ីរ៉ង់ និងអារ៉ាប់ បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ អាចចូលរួមក្នុងការវាយប្រហារ នាពេលខាងមុខ ប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីទាហាន ៤នាក់ និងជនស៊ីវិលម្នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែល។ ប៉ុន្តែការប្រើប្រាស់កងទ័ពធម្មតា មិនមានន័យថា កងទ័ពនឹងត្រូវដាក់ពង្រាយនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាអាចមានន័យថា ឆ្មាំបដិវត្តន៍អ៊ិស្លាម ដែលជាទូទៅដោះស្រាយជាមួយនឹងវិធានការសន្តិសុខរបស់អ៊ីស្រាអែល ប្រហែលជាមិនធ្វើសកម្មភាពតែឯកឯងនោះទេ។
ហើយមន្ត្រីអារ៉ាប់ និងអ៊ីរ៉ង់ ក៏បានប្រាប់ផងដែរថា អ៊ីរ៉ង់មិនមានគម្រោងកំណត់ការឆ្លើយតបរបស់ខ្លួន ដោយយានដ្រូន និងមីស៊ីលដូចការវាយប្រហារមុនៗនោះទេ។ តែមន្ត្រីទាំងនោះបានបន្ថែមថា រាល់មីស៊ីលដែលប្រើនាពេលខាងមុខ នឹងមានក្បាលគ្រាប់ដ៏មានឥទ្ធិពលខ្លាំងជាងមុន៕