ក្រុមមន្រ្តីនិយាយថា រថយន្តក្រុងចាស់ទ្រុធទ្រោមមួយគ្រឿង បានបើកធ្លាក់ផ្លូវរអិលចូលជ្រោះជ្រៅនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ។
លោក Vineet Pal គឺជាមន្រ្តីរដ្ឋាភិបាលមួយរូបនិយាយថា ឧបទ្ទេវហេតុកនេះ បានកើតឡើងនៅស្រុក Almora ស្ថិតក្នុងរដ្ឋតំបន់ភ្នំ Uttarakhand ។ រថយន្តក្រុង បានដឹកអ្នកដំណើរ ៤២នាក់ ហើយសាកសពមនុស្ស ២៤នាក់ ត្រូវបានរកឃើញ ។
ក្រុមជួយសង្រ្គោះ និងក្រុមជំនួយ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយក្រុមអាជ្ញាធរ និយាយថា ចំនួនមនុស្សស្លាប់ អាចនឹងកើនឡើង ពេលពួកគេធ្វើការសង្រ្គោះអ្នកដំណើរដែលនៅជាប់ខ្លួនក្នុងរថយន្តក្រុង ។
លោក Pushkar Singh Dhami គឺជាអភិបាលរដ្ឋ Uttarakhand បាននិយាយថា ក្រុមការងារកំពុងប្រឹងប្រែងយ៉ាងប្រញាប់ប្រញាល់ ដើម្បីជម្លៀសអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែក ហើយក្រុមអាជ្ញាធរ បានណែនាំឲ្យដឹកអ្នករងរបួសធ្ងន់តាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នរដ្ឋាភិបាលរដ្ឋ Uttarakhand បានបើកការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ហើយព័ត៌មានបឋមបង្ហាញថា រថយន្តក្រុងចាស់ទ្រុឌទ្រោមមួយគ្រឿងនេះ រអិលមុនពេលធ្លាក់ចូលជ្រោះជម្រៅ ៦០ម៉ែត្រ ។
អ្នកដំណើរមួយចំនួន បានលោតចេញពីរថយន្តក្រុងទាន់ពេល មុនពេលវាធ្លាក់ចូលជ្រោះ និងបានទូរស័ព្ទប្រាប់ក្រុមអាជ្ញាធរពីឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ ៕