ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញក្រដាសប្រាក់ប្រភេទថ្មីមួយ ដោយថា ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្នុងអនុក្រឹត្យចេញនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ៣០០០០រៀល។ អនុក្រឹត្យដដែលនេះ បញ្ជាក់ថា ក្រដាសប្រាក់ប្រភេទថ្មី ៣០០០០រៀលនេះ គឺជាក្រដាសប្រាក់អនុស្សាវរីយ៍។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅព្រឹកថ្ងៃនេះថា ក្រដាសប្រាក់គំរូថ្មីនេះ ត្រូវបានបោះពុម្ព និងដាក់ឱ្យចរាចរប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន ធនាគារជាតិកម្ពុជាបញ្ជាក់ថា ក្រដាសប្រាក់គំរូថ្មីនេះ មានពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ ដែលជាពណ៌សំខាន់នៅលើក្រដាសប្រាក់ទំហំ ១៧០មីលីម៉ែត្រគុណនឹង ៧៥មីលីម៉ែត្រ។
ក្រដាសប្រាក់គំរូថ្មីនេះ មានផ្ទៃខាងមុខភ្ជាប់មកជាមួយព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ហើយចំណែកឯផ្ទៃខាងក្រោយ ភ្ជាប់មកជាមួយរូបថតព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នៅពេលធ្វើដំណើរយាងមាតុភូមិនិវត្តន៍៕
