ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ នៅជិតតំបន់ Sayyeda Zeinab ភាគខាងត្បូងនៃទីក្រុងដាម៉ាស(Damascus) ដែលជាទីតាំងដ៏សំខាន់មួយរបស់ក្រុមនិកាយស៊ីអ៊ីត និងត្រូវបានការពារដោយក្រុមគាំទ្រអ៊ីរ៉ង់ រួមទាំងក្រុមហេសបូឡា។

ទីភ្នាក់ងារសារព័ត៌មាន SANA បាននិយាយដោយដកស្រង់ប្រភពយោធាមួយថា៖«នៅម៉ោងប្រហែល៥:១ ៨ល្ងាច (១៤:១៥ម៉ោងសកល) អ៊ីស្រាអែល បានបើកការឈ្លានពានតាមអាកាសពីទិសដៅនៃតំបន់ខ្ពង់រាប Golan Heights ដោយបានកំណត់គោលដៅទៅលើទីតាំងស៊ីវិលមួយចំនួន នៅភាគខាងត្បូងនៃទីក្រុងដាម៉ាស ដែលនាំឲ្យមានការខាតបង់សម្ភារៈមួយចំនួន»។

លោក Mehdi Mahfouz អាយុ ៣៤ឆ្នាំ ជាអ្នករស់នៅតំបន់នោះ បាននិយាយថា ខ្លួនបានឮសំឡេងផ្ទុះ ចំនួនបីបន្តបន្ទាប់គ្នា ដែលមួយក្នុងចំណោមនោះ គឺឮខ្លាំងជាងគេបំផុត»។
លោក Mahfouz បានបន្ថែមថា បន្ទាប់មក ខ្ញុំបានឃើញដុំផ្សែងខ្មៅដ៏ធំ បានហោះឡើងទៅលើអាកាស។
យោងតាមអ្នកថតរូបសារព័ត៌មាន AFP ម្នាក់ បាននិយាយថា ការផ្ទុះទាំង ត្រូវបានគេឮ នៅក្នុងតំបន់ជាយក្រុង Jaramana ដែលនៅជិតទីក្រុងដាម៉ាស ខណៈដែលរថយន្តសង្គ្រោះ បានធ្វើដំណើរទៅកាន់តំបន់នោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជាអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា មានការវាយប្រហារយ៉ាងហោចណាស់បីលើក នៅក្នុងតំបន់នេះ។